កសិករមួយរូបដាំបន្លែសុវត្ថិភាពក្នុងផ្ទៃដី ២,៦០០ ម៉ែត្រក្រឡាអាចរកចំណូលបានជាង ១២ លានរៀលក្នុងមួយឆ្នាំ
អាជីវកម្ម January 18, 2021 Chan Sreyny

លោក ត្រឹប ត្រែង អាយុ ៤៤ឆ្នាំ ជាកសិករដាំបន្លែសុវត្ថិភាពរស់នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាបបានឱ្យដឹងថា លោកចាប់ផ្តើមមុខរបរដាំបន្លែលក់រយៈពេល ២០ ឆ្នាំមកហើយ បច្ចុប្បន្នលោកដាំបន្លែចំនួន ៣ ប្រភេទមានដូចជា សាឡាដអឺរ៉ុប ស្ពៃតឿ និងខាត់ណាលើផ្ទៃដីទំហំប្រមាណ ២,៦០០ម៉ែត្រក្រឡា។ លោកបន្តថា សម្រាប់កសិករដែលពឹងផ្អែកទាំងស្រុងលើដំណាំកសិកម្មដូចរូបលោក ដំបូងឡើយមិនទាន់មានបទពិសោធន៍ ឬចំណេះដឹងផ្នែកកសិកម្មណាមួយឡើយ តែក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីមន្ត្រីផ្នែកកសិកម្ម និងអង្គការដៃគូនានាធ្វើឱ្យរូបលោកមានការយល់ដឹងពីបច្ចេកទេស និងសម្រេចចិត្តជ្រើសរើសការដាំបន្លែសុវត្ថិភាពលក់ក្នុងគោលបំណងគិតគូរខ្ពស់ពីសុខភាពរបស់អ្នកទទួលទាន និងសុវត្ថិភាពខ្លួនឯងផ្ទាល់។

លោកបន្តថា មុខរបរដាំបន្លែសុវត្ថិភាពអាចលើកកម្ពស់ជីវភាពគ្រួសារដូចជា ផ្គត់ផ្គង់ការចំណាយទាំងស្រុងក្នុងក្រុមគ្រួសារបាន និងការសិក្សារបស់កូនៗថែមទៀតផង ដោយជាមធ្យមក្នុង ១ ខែអាចរកប្រាក់ចំណូលបានយ៉ាងតិច ១ លានរៀលដែលសរុបទៅក្នុងមួយឆ្នាំអាចបាន ១២ លានរៀលពីមុខរបរនេះដែលអាចផ្គត់ផ្គង់ឱ្យកូនរៀន និងដោះស្រាយជីវភាពគ្រប់គ្រាន់។

គួរជម្រាបថា បច្ចុប្បន្ននេះប្រជាកសិករភាគច្រើនមានការយល់ដឹង និងបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ការងារដាំដុះរបស់ខ្លួនពីការដាំដុះតាមបែបពឹងផ្អែកទៅលើអាកាសធាតុមកជាការដាំដុះក្នុងរោងសំណាញ់ ឬផ្លាស្ទិក និងបានផលិតជាបន្លែសុវត្ថិភាពដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន