សណ្ឋាគារទាំងអស់ក្នុងខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងប្រទេសថៃ ត្រូវបញ្ជាឲ្យបិទជាបន្ទាន់ដោយសាររឿងមួយនេះ
អាជីវកម្ម January 18, 2021 Khmernote

ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 អភិបាលខេត្ត Kanchanaburi កាលពីពេលថ្មីៗនេះបានចេញបទបញ្ជាមួយ ដើម្បីបិទសណ្ឋាគារ រមណីយដ្ឋាន និងកន្លែងស្នាក់នៅផ្សេងៗទៀតជាបន្ទាន់ ដោយមិនរាប់បញ្ចូលកន្លែងប្រតិបត្តិការដែលជាកន្លែងដាក់ដាច់ដោយឡែកនៅក្នុងតំបន់។ បើយោងតាមការចុះផ្សាយរបស់សា​រព័ត៌មាន The Thaiger បានឲ្យដឹងថា សណ្ឋាគារដែលបច្ចុប្បន្នមានភ្ញៀវកំពុងស្នាក់នៅ អាចបន្តប្រតិបត្តិការរហូតដល់ភ្ញៀវចេញ​វិញ ប៉ុន្តែមិនអនុញ្ញាតបើកទទួលភ្ញៀវថ្មីនោះទេ។ ជាក់ស្ដែង សណ្ឋាគារដែលនៅមានភ្ញៀវ ត្រូវតែផ្តល់បញ្ជីឈ្មោះរបស់ពួកគេទៅរដ្ឋបាលមូលដ្ឋាន ហើយសណ្ឋាគារត្រូវប្រាកដថា វិធានការណ៍ឃ្លាតឆ្ងាយសង្គម និងការគ្រប់គ្រងជំងឺត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនៅក្នុងតំបន់របស់ខ្លួន។

គួរឲ្យដឹងផងដែរថា ខេត្ត Kanchanaburi គឺជាគោលដៅទេសចរណ៍មួយដែលទាក់ទាញក្រុមអ្នកទេសចរជាច្រើន ហើយអភិបាលខេត្ត Kanchanaburi លោក Jirakiat Poomsawat មានប្រសាសន៍ថា បទបញ្ជានេះត្រូវបានដាក់កម្រិតដើម្បីកំណត់ការរីករាលដាលនៃមេរោគពីផ្នែកផ្សេងៗនៃប្រទេស។ យ៉ាងណាមិញ អ្នកដែលមិនគោរពតាមបទបញ្ជាអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ឬ ពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត ឬ ទាំងផ្នែកពីរ ក្រោមមាត្រា៥២ នៃច្បាប់ស្តីពីជំងឺឆ្លងក៏ដូចជា ការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ឬ ពិន័យជាប្រាក់រហូតដល់ ៤ម៉ឺនបាត ក្រោមក្រឹត្រការសង្គ្រោះបន្ទាន់៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger