ក្រុមអ្នកចិញ្ចឹមត្រីក្នុងខេត្តបាត់ដំបងរំពឹងថា ទីផ្សារត្រីចិញ្ចឹមក្នុងស្រុកនឹងងើបឡើង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសផ្អាកបណ្តោះអាសន្នចំពោះការនាំចូលត្រីពីប្រទេសជិតខាងនូវប្រភេទត្រីមួយចំនួន។ លោក អ៊ឹង គឹមលី ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងដែលមានទំហំ ១៥ហិកតា ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបងបានឱ្យដឹងថា លោករីករាយចំពោះការប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចំពោះការផ្អាកការនាំចូលបណ្តោះអាសន្ននូវត្រីមួយចំនួនពីប្រទេសជិតខាងដែលយើងផលិតក្នុងស្រុកបាន។ លោកបញ្ជាក់ថា កន្លងមកទីផ្សារត្រីចិញ្ចឹមក្នុងស្រុកមានការលំបាក ពេលចិញ្ចឹមត្រីបានដល់ពេលប្រមូលផលគឺមិនមានទីផ្សារគ្រប់គ្រាន់ធ្វើឱ្យអូសបន្លាយពេលវេលានៃការចាប់លក់ នាំឱ្យចំណាយថវិកាច្រើនលើចំណី និងធ្វើឱ្យត្រីស្គមជាដើម។
បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមត្រីរបស់គាត់មានប្រភេទត្រីប្រា ត្រីការហែ ត្រីអណ្តែង ត្រីទីឡាបយ៉ា និងត្រីជាច្រើនប្រភេទទៀតដែលមានរាប់សែនក្បាលក្នុងផ្ទៃដីចំនួន ១៥ហិកតា។ លោកសង្ឃឹមថា នៅពេលលោកប្រមូលផលត្រីរាប់រយតោននាពេលអស់ត្រីស្រែខាងមុខនេះ នឹងមានទីផ្សារល្អសម្រាប់អ្នកចិញ្ចឹមក្នុងខេត្ត ក្រោយពីក្រសួងបានប្រកាសបិទការនាំចូលត្រីមួយចំនួននោះ។

កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាន ប្រកាសព័ត៌មានដោយអនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាកបណ្តោះអាសន្នក្នុងការនាំចូលត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោរ និងត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមផ្គត់ផ្គង់ក្នុងស្រុកបាន ដើម្បីរួមចំណែកការផលិតក្នុងស្រុកឱ្យបានខ្លាំងក្លា និង ឈានទៅដល់ការនាំចេញនាពេលខាងមុខនោះ។

លោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឱ្យដឹងថា ក្រោយពីក្រសួងប្រកាសបិទការនាំចូលត្រីមួយចំនួននោះ អ្នកចីញ្ចឹមត្រីក្នុងខេត្តបាត់ដំបងបានសម្តែងក្ដីរីករាយ ដោយពួកគាត់សង្ឃឹមថា ទីផ្សារត្រីនឹងមានភាពល្អប្រសើរឡើងវិញ។ លោកបញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបងបានបិទការនាំចូលត្រីមួយចំនួនពីប្រទេសជិតខាងដូចជា៖ ត្រីក្រាញ់ ត្រីឆ្ពិន ត្រីរ៉ស់ ត្រីប្រាជាដើម ប៉ុន្តែនៅមានការលួចនាំចូលខ្លះមកកាន់ទីផ្សារ៕

ប្រភព៖ ក្រសួងព័ត៌មាន


