សហគមន៍កសិកម្មសំរោងឫស្សី នៅស្រុកថ្មគោលខេត្តបាត់ដំបង ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុនផលិតបន្លែសរីរាង្គ ដើម្បីលក់ទៅកាន់ផ្សារទំនើបអ៊ីអនភ្នំពេញ ដែលនេះជាការលើកទឹកចិត្តឱ្យកសិករផលិតបានកាន់តែច្រើន។ លោក ប៉ុញ ឧត្តម អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា តាមរយៈការធ្វើកិច្ចសន្យាកសិកម្មរវាងសហគមន៍ដាំបន្លែ និងក្រុមហ៊ុនជប៉ុននេះ គឺបានធ្វើឱ្យសហគមន៍ទទួលបានផលប្រយោជន៍ច្រើន ក្នុងការផលិតបន្លែសរីរាង្គ មានដូចជា បន្លែស្លឹក និងបន្លែយកមើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ក្រុមហ៊ុន ហើយរក្សាតម្លៃថែមទៀតផង ។
លោកបានបន្តថា ការចុះកិច្ចសន្យារវាងសហគមន៍ និងក្រុមហ៊ុននេះ គឺជាជំហានមួយក្នុងការផលិតបន្លែសរីរាង្គ ដោយមិនប្រើប្រាស់គីមី ហើយប្រជាកសិករ ទទួលបានតម្លៃទីផ្សារខ្ពស់ ដោយមិនបារម្ភថា ខ្លាចផលិតបានហើយគ្មានទីផ្សារនោះទេ ហើយពួកគាត់នឹងទទួលបានប្រាក់ចំណូលច្រើន ។ លោកបានបន្ថែមថា ខាងមន្ទីរក៏បានជំរុញតំណាងសហគម ន៍ទាំងអស់ត្រូវគោរពតាមកិច្ច សន្យាដែលបានចុះកិច្ចព្រម ព្រៀងជាមួយក្រុមហ៊ុន ហើយកសិករត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ត្រូវរក្សាគុណភាពបន្លែសរីរាង្គដោយមិនក្លែងបន្លំ ។

លោកបានមានប្រសាសន៍ដូច្នេះថា «កិច្ចសន្យាផលិត កម្មកសិកម្មនឹង ខ្ញុំជម្រាបជូនថាវាមានផលវិជ្ជមានទាំងសង ខាងទីមួយគឺវាវិជ្ជមានសម្រាប់សហគមន៍កសិកម្មហ្នឹង តម្លៃគាត់ថេរហើយសមរម្យណាស់ទីផ្សារទំនើបយើងដឹងហើយថាសម្រាប់អ្នកមានប្រាក់ចំ ណូលខ្ពស់អ៊ីចឹងបើយើងប្រៀបធៀបទីផ្សារខាងក្រៅគឺយើងប្រសើរច្រើនមែនទែនឱ្យតែយើងគោរពតាមលក្ខណ្ឌរបស់គេ។ មួយវិញទៀតរាជ រដ្ឋាភិបាលបានសម្រួលតាម រយៈធនាគារអភិវឌ្ឍន៍ជនបទធ្វើយ៉ាងណាឱ្យសហគមន៍មានឥណទានដោយមានអត្រាការប្រាក់ទាបដល់អ៊ីចឹងទៅគាត់ទទួលបានការវិនិយោ គនៅផ្ទះសំណាញ់នៅតាមសមាជិកសហគមន៍បន្តទៀត»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះសហគមន៍កសិកម្មសំរោងឫស្សីបាននិងកំពុង ផលិតបន្លែសរីរាង្គ ដែលមានតម្លៃខ្ពស់លើទីផ្សារ រួមមានបន្លែស្ពៃក្តោបពូជជប៉ុន ស្ពៃក្តោបបេះដូង ផ្កាស្ពៃពណ៌ស ផ្កាស្ពៃពណ៌ខៀវ ខាត់ណាដើម ស្ពៃ បូកគោ ស្ពៃហាង ស្ពៃហៃស៊ីម ស្ពៃក្រញាញ់ និងសាលាដ ជាដើម ដើម្បីផ្គត់ផ្គង់បន្លែ ឱ្យស្របទៅតាមតម្រូវការទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបទៅ នឹងតម្រូវការចង់បានរបស់ក្រុមហ៊ុន ហើយរក្សាតម្លៃខ្ពស់ថែមទៀតផង ។ ដោយក្នុងមួយរដូវៗប្រជាសហគមន៍អាចរកប្រាក់ចំណេញបានជាង ១០លានរៀល ហើយជាមធ្យមសហគមន៍អាចផ្គត់ផ្គង់បានចំនួន ២ តោនក្នុងមួយថ្ងៃ៕

(រូបតំណាង)
(រូបតំណាង)
ប្រភព៖ ក្រសួងព័ត៌មាន


