ជ្រូកខេត្តកំពង់ស្ពឺអាចផ្គត់ផ្គង់តម្រូវការក្នុងខេត្ដ និងអាចនាំចេញទៅរាជធានី-ខេត្ដ ផ្សេងទៀត ខណៈដែលខេត្ដនេះជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការចិញ្ចឹមជ្រូកយកសាច់ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ។ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺ បានប្រាប់ វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងមួយឆ្នាំៗខេត្ដកំពង់ស្ពឺបានផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារក្នុងខេត្ដ ចំនួនប្រមាណ ៤៨,០០០ក្បាល (បួនម៉ឺនប្រាំបីពាន់) និងទៅបណ្ដារាជធានី-ខេត្ដផ្សេងទៀត ចំនួនប្រមាណ ២១,៧៤០ក្បាល ដែលគិតជាទឹកប្រាក់ ចំនួន ១៣៥,៩០០,០០០ដុល្លារអាមេរិក។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការនាំចេញសាច់ជ្រូកនេះ មានដូចជាទៅរាជធានី ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្ដផ្សេងៗទៀតដែលមានការចិញ្ចឹមតិចតួច ហើយសាច់ជ្រូកគឺធានាគុណភាពល្អ និងជាប់លំដាប់ទី១។ ជាមួយគ្នានេះមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នឹងខិតខំបង្កើនការបណ្ដុះបណ្ដាលបច្ចេកទេស ចិញ្ចឹមសត្វជូនដល់ប្រជាពលរដ្ឋ និងអ្នកដែលមានបំណងចិញ្ចឹមបន្ថែមទៀត ដើម្បីឱ្យ ពួកគាត់អាចយកទៅពង្រីកអាជីវកម្មចិញ្ចឹមជ្រូកនេះឱ្យកាន់តែច្រើន។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្ដកំពង់ស្ពឺចិញ្ចឹមជ្រូកបានចំនួន ២៨៦,១៦៨ក្បាល ក្នុងនោះ ចិញ្ចឹមជាកសិដ្ឋាន ចំនួន ២៦៤,៤២៨ក្បាល និងចិញ្ចឹមជាលក្ខណៈគ្រួសារចំនួន ២១,៧៤០ក្បាល ៕


ប្រភព៖ ក្រសួងព័ត៌មាន


