សមាគមវារីវប្បករនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ស្ដីពីសារបន្ទាន់សម្រាប់បងប្អូនវារីវប្បករកម្ពុជា ក្នុងការថែរក្សាត្រីចិញ្ចឹម ដែលចេញដោយដោយក្រុមបច្ចេកទេសគម្រោងខាស់ CAST ខណៈដែលអាកាសធាតុចុះត្រជាក់។ យោងតាមសារដែលបានបង្ហោះបានរៀបរាប់ដូច្នេះថា៖ « រយៈមួយសប្តាហ៍ខាងមុខនេះ អាកាសធាតុចុះត្រជាក់ខ្លាំង ហើយនៅពេលស៊ីតុណ្ហភាពចុះត្រជាក់ វាអាចបណ្តាលអោយត្រីចិញ្ចឹមមានសភាពខុសប្រក្រតី ដែលធ្វេីអោយភាពស៊ាំធ្លាក់ចុះ និងមិនសូវស៊ីចំណី ហេីយក៏ងាយរងនូវការវាយប្រហារពីមេរោគផ្សេងៗទៀត។ ប្រសិនបេីលោកអ្នកសង្កេតឃេីញថា ត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការអោយចំណីបណ្ដោះអាសន្ន និងបង្កើនអោយមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកអោយមានចលនាដូចជាប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម »។
សមាគមបានបន្តថា៖ « យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កំរិតនីទ្រីត (NO2) ព្រោះថាពេលសីតុណ្ហភាពចុះត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត ( NO2) កើន។ លោកអ្នកអាចពិនិត្យស្រកីត្រីដែលជិតងាប់ ឬងាប់ហើយនោះ វាអាចនឹងមានពណ៌ជាំក្រម៉ៅ ឬឈាមជ្រូកក្រម៉ៅ ប្រសិនបើស្រកីត្រីមានពណ៌បែបនេះ លោកអ្នកអាចប្រើអំបិលដើម្បីការពារកុំអោយសារជាតិ នីទ្រីតរលាយចូលក្នុងឈាមរបស់ត្រី អាចបណ្ដាលអោយត្រីស្លាប់ជាបន្ត។ សូមលោកអ្នកអនុវត្តតាមការណែនាំខាងលើ ដើម្បីកុំឲត្រីចិញ្ចឹមរបស់លោកអ្នកមានហានិភ័យ »៕





អត្ថបទ៖ លីនី


