កាបូបកំប្លោកផលិតផលខ្មែរ នៅតែមានតម្រូវការប្រើប្រាស់ខ្ពស់
អាជីវកម្ម January 6, 2021 Chan Sreyny

កំប្លោក គឺជារុក្ខជាតិម្យ៉ាងដែលតែងតែដុះពាសពេញផ្ទៃបឹងបួរ​ ឬទន្លេហើយកំប្លោកនេះមានអត្ថប្រយោជន៍យ៉ាងច្រើនដែលអាចធ្វើជាម្ហូបអាហារ ឬ​​កែច្នៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា អង្រឹង និងកាបូបជាដើម។ ដោយឡែកនៅឯខេត្តសៀមរាបវិញ ប្រជាពលរដ្ឋបាននាំគ្នាកែច្នៃកំប្លោកធ្វើជាកាបូបយ៉ាងស្រស់ស្អាតមានភាពទាក់ទាញដើម្បីលក់ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងស្រុក។
អ្នកស្រី អ៊ំ ណារ៉េន ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោមដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា សិប្បកម្មនេះត្រូវបានបង្កើតឡើងរយៈពេលជាង ១៣ ឆ្នាំមកហើយក្នុងគោលបំណងជួយលើកកម្ពស់ផលិតផលកំប្លោកខ្មែរ និងផ្តល់ការងារដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ឱ្យមានការងារធ្វើជាដើម។

អ្នកស្រីបន្តថា សិប្បកម្មកំប្លោកភ្នំក្រោមមានបុគ្គលិកចំនួន ២៥ នាក់ដោយក្នុងម្នាក់ៗអាចរកចំណូលបានជាមធ្យមប្រមាណ ២០០ដុល្លារ ក្នុងមួយខែ។ អ្នកស្រីបន្តថា សិប្បកម្មផលិតកាបូបកំប្លោកភ្នំក្រោម អាចកែច្នៃម៉ូតកាបូបបានច្រើនម៉ូតច្រើនយ៉ាងទៅតាមតម្រូវការរបស់អតិថិជនដែលកុម្មង់ទិញ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយគាំទ្រផលិតផលដែលជាស្នាដៃរបស់កូនខ្មែរផង។

គួរជម្រាបផងដែរថា កំប្លោកមិនត្រឹមតែសម្រាប់កែច្នៃធ្វើជាកាបូបប៉ុណ្ណោះទេ ប៉ុន្តែអាចកែច្នៃធ្វើជា អង្រឹង ស្បែកជើង ទ្រនាប់ចាន ទ្រនាប់កែវ ជាវត្ថុអនុស្សាវរីយ៍ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន