បាងកក ទីក្រុងអ៊ូរអរស៊ីវិល័យប្រែមកស្ងាត់ជ្រងំ ក្រោយអភិបាលក្រុងបញ្ជាឲ្យបិទកន្លែង ២៥ប្រភេទដើម្បីទប់ស្កាត់ការផ្ទុះឡើងវីរុស Covid-19
អាជីវកម្ម January 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand បានឲ្យដឹងថា អភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីថ្ងៃសុក្រកន្លងទៅនេះបានបញ្ជាឲ្យបិទកន្លែង ២៥ ប្រភេទជាបណ្ដោះអាសន្ននៅក្នុងក្រុង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Covid-19 ដែលកំពុងកើនឡើងខ្លាំងទៅៗ។ បទបញ្ជាដែលត្រូវបានអនុម័តដោយគណៈកម្មាធិការបង្ការជំងឺឆ្លងក្រុង បានចូលជាធរមានកាលពីថ្ងៃសោរិ៍តទៅ រហូតដល់មានការជូនដំណឹងបន្ថែមជាថ្មីម្ដងទៀត លើកលែងតែស្ថាប័នអប់រំដែលត្រូវបានបញ្ជាឲ្យបិទរហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។​

បើតាមប្រភពដដែលបានឲ្យដឹងថា កន្លែងទាំង ២៥ប្រភេទនោះរួមមាន៖ ១.កន្លែងកម្សាន្តដូចជាហាងស្រា បារ ២.សួនកម្សាន្តឧទ្យានទឹក ៣.សួនកុមារ ៤.កន្លែងលេងស្នុកឃ័រ ៥.បញ្ជរហ្គេម ៦.ហាងអ៉ីនធឺណេត ៧.ទីតាំងជល់មាន់ ៨.មណ្ឌលថែទាំទារក និងមណ្ឌលថែទាំមនុស្សចាស់ ៩.កន្លែងប្រដាល់ ១០.សាលាក្បាច់គុន ១១.ទីលានជិះសេះ ១២.បន្ទប់ងូតទឹកសាធារណៈ ១៣.កន្លែងម៉ាស្សា ១៤.ស្តាតកីឡាគ្រប់ប្រភេទ ១៥.បន្ទប់ជប់លៀង ១៦.ទីលានសម្ដែងគោជល់ ឬ ត្រីជល់ ១៧.ទីតាំងលក់វត្ថុបុរាណ ១៨.មណ្ឌលអភិវឌ្ឍកុមារមត្តេយ្យ ១៩.ហាងថែរក្សាសម្ផស្សនិងហាងសាក់ ២០.កន្លែងហាត់ប្រាណ ២១.សាលាហាត់ប្រដាល់ ២២.ស្ប៉ាកន្លែងម៉ាស្សាបែបបុរាណថៃ ២៣.កន្លែងលេង Bowling និង skate ២៤.សាលាបង្ហាត់រាំ និង២៥.មជ្ឈមណ្ឌលបង្រៀននិងវិទ្យាស្ថានអប់រំគ្រប់ប្រភេទ។

ក្រៅពីបិទកន្លែងអស់ទាំងនេះ រដ្ឋបាលក្រុងបាងកកក៏បានជំរុញឱ្យប្រជាជនពាក់ម៉ាសពេលចាកចេញពីលំនៅដ្ឋានរបស់ពួកគេ និងចូលនិងចេញពីកន្លែងដែលពួកគេទៅទស្សនាដោយប្រើកម្មវិធីតាមដានរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៧៤៥ករណី ដោយក្នុងនោះមាន ៧០៩ករណី ជាការចម្លងតាមសហគមន៍ ដែលធ្វើឱ្យចំនួនសរុបចាប់តាំងពីជំងឺ COVID-19 បានវាយប្រហារប្រទេសនេះជាលើកដំបូងនៅខែមករា ឆ្នាំ២០២០ កើនដល់ ៨,៤៣៩ ករណី៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand