ដោយសារតែភាពល្បីល្បាញរបស់នំបញ្ចុកប្រចាំភូមិសាស្ត្រឃុំព្រះដាក ធ្វើឱ្យអ្នកទេសចរ ឬអ្នកធ្វើដំណើរឆ្លងកាត់មូលដ្ឋាននេះតែងតែចូលមកពិសាជាហូរហែ។ អ្នកស្រី សា វឿន អាយុជាង ៥០ឆ្នាំ ជាអាជីវករលក់នំបញ្ចុកតាមដងផ្លូវនៅក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រីបានឱ្យដឹងថា អ្នកស្រីប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ ដោយថ្ងៃធម្មតាអាចលក់បានជាមធ្យមប្រមាណ ១០គីឡូក្រាម និងនៅពេលមានពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកនានាអាចលក់នំបញ្ចុកអស់ប្រមាណ ៥០គីឡូ ទៅ ៦០គីឡូ ក្នុងមួយថ្ងៃ រីឯតម្លៃវិញមិនមានការដំឡើងឡើយទោះនៅពេលមានពិធីបុណ្យទានក៏ដោយ។
អ្នកស្រីបន្តថា នំបញ្ចុកដែលលក់ជារៀងរាល់ថ្ងៃនេះត្រូវស្លទឹកនំតាមគ្រឿងផ្សំតាមបែបធម្មជាតិសុទ្ធសាធ
និងការធ្វើមានអនាម័យដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកទទួលទាន។ លោកស្រីបន្ថែមថា យើងលក់ដាច់ណាស់ សម្លខ្មែរខ្ញុំលក់តែ ៣០០០រៀល ទេក្នុងមួយចានចំណែកសម្លការីក្នុងមួយចាន ៥០០០រៀល។

លោកតូច ឈន់ ប្រធានក្រុមប្រឹក្សាឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាដឹងថា ប្រជាពលរដ្ឋប្រមាណជាង ២០គ្រួសារ រស់នៅតាមដងផ្លូវនៅមូលដ្ឋាននេះប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ។ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងមុខរបររកស៊ី អាជ្ញាធរឃុំស្រុក និងស្ថាប័នពាក់ព័ន្ធតែងតែជួយផ្សព្វផ្សាយអំពីរសជាតិឆ្ងាញ់ពិសារបស់នំបញ្ចុកនៅភូមិព្រះដាក និងបានជំរុញដល់ប្រជាពលរដ្ឋត្រូវរក្សាអនាម័យជាប្រចាំ។

លោកបញ្ជាក់ថា លោកអភិបាលស្រុកខាងមន្ទីរពាណិជ្ជកម្មខេត្ត បានជួយផ្សព្វផ្សាយអំពីនំបញ្ចុកភូមិព្រះដាកនេះដែរនំបញ្ចុកនោះមានអនាម័យ ហើយការលក់ឱ្យមានកំណត់ថ្លៃកុំចង់ឡើងចង់ចុះស្រេចតែខ្លួនឯង។ លោកតែងប្រជុំជាមួយលោកប្រធានភូមិព្រះដាកនេះ ឱ្យប្រាប់ទៅប្រជាពលរដ្ឋជាអ្នកលក់នំបញ្ចុកត្រូវមានអនាម័យស្អាតស្អំហើយលក់ឱ្យមានតម្លៃដូចៗគ្នាទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន


