បាត់ដំបង៖ កំពីងត្នោត ជាអាហារដ៏ពេញ និយមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទិញយកមកទទួលទាន ដែលមានរសជាតិផ្អែម ឈ្ងួយឆ្ងាញ់ ជាប់មាត់ ញ៉ុំា១ហើយ ចង់ញ៉ុំាមួយទៀត ។ អាហារធម្មជាតិប្រភេទនេះ ក្រៅពីទទួលទានឆ្អែត វាក៏ជួយសុខភាពផងដែរ ធ្វើឱ្យត្រជាក់សាច់ នេះបើតាមអ្នកប្រកបរបរ ផ្សាំ និងលក់កំពីងត្នោត។ អ្នកស្រី ធៀម វ័យ៣០ ឆ្នាំ ដែលប្រកបរបរលក់កំពីងត្នោតនៅផ្សារបឹងឈូក ខេត្តបាត់ដំបង បាននិយាយថា កំពីងត្នោតនៅតែពេញនិយមសម្រាប់ប្រជាជនខ្មែរ ទិញទទួលទាន ព្រោះវា មានរសជាតិឈ្ងុយឆ្ងាញ់ ដោយអ្នកស្រីបានបញ្ជាក់ថា គាត់លក់កំពីងត្នោតនេះដាច់ណាស់ គឺលក់ម្ដងៗ ប្រមាណ២០ស្លឹក ស្មើនឹង៨០០០គ្រាប់ ក្នុងមួយគ្រាប់លក់ចេញ៤០០រៀល ។
ស្រ្តីវ័យកណ្តាលរូបនេះបានឱ្យដឹងថា ប្ដីរបស់គាត់បានប្រមូលទិញផ្លែត្នោតទុំពីអ្នកស្រុក ក្នុងភូមិ ក្រឡាញ់ ឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្តពោធិសាត់ ក្នុងមួយផ្លូន ២០០០រៀល យកមកគរនិងចាក់ទឹក ថែទាំរយៈពេលបីខែ ទើបគ្រាប់ត្នោតដុះ អាចយក កំពីងមកលក់បាន។

អ្នកស្រីបញ្ជាក់ថា ត្នោតទុំដែលប្រមូលទិញ យកមកបណ្តុះបានក្នុងមួយរដូវៗ ចាប់ពីដើមឆ្នាំ ដល់ខែចែត្រ គឺអស់ត្នោតទុំហើយ ។ នៅពេលដែលត្នោតដុះអាចកាប់យកកំពីងបាន ប្ដីរបស់គាត់ ច្រកកំពីងត្នោតដាក់ការ៉ុងផ្ញើ តាមឡានឈ្នួល មកឱ្យអ្នកស្រី លក់នៅផ្សារបឹងឈូក ខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃ ដោយអ្នកស្រីចាំលក់នៅទីនោះផ្ទាល់តែម្ដង ។

ដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរមួយ ដែលផ្តល់ផលប្រយោជន៍តាំងគល់ដល់ចុង សម្រាប់ ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។ដើមត្នោត អាចធ្វើគ្រឿងសង្ហារឹម ផ្ទះ ទូក ,អំបោស ,ស្លឹកធ្វើជាមួក ឬ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ,ចំណែកផ្កាត្នោតកៀបយកទឹក ធ្វស្ក, ផ្លែខ្ចី ឬ ទុំធ្វើបង្អែម ឬ បេះទទួលទានជាដើម ៕

ប្រភព៖ ក្រសួងព័ត៌មាន


