អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសនៅថ្ងៃពុធនេះថា ចាប់ពីថ្ងៃទី ៣១ ខែធ្នូនេះ (CAAT) មិនអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឱ្យបម្រើអាហារ និងភេសជ្ជៈដល់អ្នកដំណើរនៅលើយន្តហោះដែលហោះហើរក្នុងស្រុកលើកលែងតែករណីបន្ទាន់ ឬក្នុងករណីចាំបាច់ណាមួយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The National thailand។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចំពោះការហាមឃាត់នេះ គឺក្នុងគោលបំណងដើម្បីជាការទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដែលកើនឡើងជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនេះដែរយោងតាមសេចក្ដីប្រកាសដែលចុះហត្ថលេខាដោយនាយកស្តីទីលោក Saran Benjanirat បានកំណត់ថា « ប្រសិនបើចាំបាច់ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍អាចផ្តល់អាហារ ឬ ភេសជ្ជៈដល់អ្នកដំណើរដែលត្រូវការ នៅក្នុងក្នុងទីធ្លាឆ្ងាយហើយដាច់ដោយឡែកពីអ្នកដំណើរផ្សេងទៀតតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុនអាកាសចរណ៍នឹងត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវវិធានការណ៍បង្ការដទៃទៀតដែលត្រូវបានប្រកាសដោយទីភ្នាក់ងាររដ្ឋាភិបាល »។ មិនត្រឹមតែប៉ុណ្ណោះទេ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ក៏បានហាមឃាត់ការចែកចាយកាសែត ទស្សនាវដ្តី ឬ ខិត្តប័ណ្ណណាមួយដល់អ្នកដំណើរនៅលើជើងហោះហើរផងដែរ លើកលែងតែឯកសារដែលទាក់ទងនឹងសុវត្ថិភាព ដើម្បីកាត់បន្ថយការប៉ផ្ទាល់ដែលអាចចម្លងមេរោគ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ប្រទេសថៃរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ២៥០ករណី ដោយក្នុងនោះមាន ២៤១ករណី ជាករណីក្នុងស្រុក, ៨នាក់ ជាករណីនាំចូល និង ១ផ្សេងទៀត ជាជនចំណាកស្រុកភូមាខុសច្បាប់ ដែលនាំឱ្យករណីសរុបកើនឡើងដល់ ៦,៦៩០នាក់។ ហើយគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែធ្នូ ករណីជំងឺ COVID-19 ត្រូវបានរាយការណ៍ថា បានរាលដាលដល់ខេត្ត-ក្រុងចំនួន ៤៨ ពីទូទាំងប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


