ដំណាំមួយប្រភេទនេះ កំពុងមានសក្ដានុពលខ្លាំងក្នុងខេត្តមណ្ឌលគិរី
អាជីវកម្ម December 31, 2020 Chan Sreyny

ដំណាំកាកាវ កំពុងមានសក្ដានុពលខ្លាំងនៅក្នុងខេត្តមណ្ឌលគិរី ខណៈពេលដែលបច្ចុប្បន្នមានអតិថិជនជាច្រើនបានប្រមូលទិញសម្រាប់កែច្នៃធ្វើគ្រឿងឧបភោគ គ្រឿងសំអាង ទឹកអប់ សូកូឡាជាដើម។ លោក ជាន ចាន់ថុល នាយកក្រុមហ៊ុនកាកាវស្ថិតនៅភូមិពូក្រូច ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា « ដំណាំកាកាវគឺជាប្រភេទដំណាំកសិកម្មឧស្សាហកម្មបែបទំនើប និងកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ដែលនាំយកពូជមកពីអាហ្រិ្វកដោយសហការជាមួយដៃគូវិនិយោគយកមកផ្សាំជាពូជ និងដាំជាមែកសម្រាប់បង្កាត់ពូជដាំនៅក្នុងស្រុក »។

លោកបន្តថា « ដំណាំកាកាវជាដំណាំដែលមានអត្ថប្រយោជន៏ច្រើនអាចផលិតបានច្រើនមុខដូចជា៖ គ្រឿងឧបភោគ គ្រឿងសំអាង ទឹកអប់ សូកូឡា ជាពិសេសក្រុមហ៊ុនកាកាវមានការរៀបចំផែនការច្បាស់លាស់សម្រាប់ប្រជាកសិករមុននឹងធ្វើការដាំដុះដែលមានដូចជា៖ ការចែកពូជ ការប្រាប់ពីវិធីថែទាំ
ការដាំដុះដែលទទួលបានទិន្ធផលខ្ពស់ ទទួលបានតម្លៃល្អ និងងាយស្រួលក្នុងការរកទីផ្សារ »។

លោកបានបន្តទៀតថា « យកចិត្តទុកដាក់ទៅលើដំណាំមួយចំនួនដែលគាត់គិតថា គាត់ធ្វើអាជីវកម្មកត្ដាសំខាន់យើងចង់ឱ្យគាត់ស្វែងយល់មុននឹងគាត់ធ្វើអ្វីមួយដូចជា កាកាវចឹងគាត់ត្រូវស្វែងយល់តាំងពីទីផ្សាររហូតទៅដល់ធ្វើម៉េចដំណាំគាត់ទទួលបានទិន្ធផលខ្ពស់ យើងមើលឃើញថា កសិករយើងមានដីល្អហើយ មានទឹកហើយ ប៉ុន្តែអ្នកខ្លះគាត់អត់ចេះថែទាំ អ៉ីចឹងហើយយើងសំណូមពរឱ្យគាត់ចូលរួមឱ្យបានខ្លាំងក្លាក្នុងការថែទាំ »។

លោកបន្ថែមថា ដំណាំកាកាវអាចប្រមូលផលបានពី ៤០ឆ្នាំ ទៅដល់ ៦០ឆ្នាំ ដោយក្នុងមួយឆ្នាំអាចប្រមូលផលបានពីរដង និងអាចប្រមូលផលបាន ២៥តោន ក្នុងមួយហិកតា។ សម្រាប់តម្លៃវិញគឺផ្លែកាកាវស្រស់ក្នុង ១គីឡូ តម្លៃ ១២០០រៀល កាកាវស្ងួត ១គីឡូ ១០០០០រៀល និងកាកាវសរីរាង្គ ១គីឡូ ១៣៥០០រៀល។

លោកបានបន្ថែមថា ខាងក្រុមហ៊ុនក៏បានចុះកិច្ចសន្យាក្នុងការបញ្ជារទិញជាមួយក្រុមហ៊ុនដែលនៅក្នុងខេត្តសៀមរាប នឹងបានចុះ MOU នាំចេញទៅកាន់ប្រទេសជប៉ុន និងអឺរ៉ុបផងដែ។ សូមបញ្ជាក់ថា ក្រុមហ៊ុនដាំកាកាវរបស់លោក ជាន ចាន់ថុល បានបង្កើតតាំងពីឆ្នាំ ២០១៤ និងមានសមាជិក ៤០ គ្រួសារដែលមានផ្ទៃដាំដំណាំកាកាវសរុប ៣០ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន