រដ្ឋាភិបាល ប្រកាសឱ្យពលរដ្ឋចូលរួមដេញថ្លៃអាជីវកម្មលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់
អាជីវកម្ម December 28, 2020 Chan Sreyny

ក្រសួងបរិស្ថានប្រកាសថា សាធារណជនជារូបវន្តបុគ្គល និងនីតិបុគ្គលអាចចូលរួមដេញថ្លៃធ្វើអាជីវកម្មប្រមូលចំណូលលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង ឆ្នាំ ២០២១ បានដោយមិនមានការរើសអើងនោះឡើយ។ សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា ការដាក់ឱ្យជួលធ្វើអាជីវកម្មនេះ មានរយៈពេលធ្វើអាជីវកម្ម ១ឆ្នាំ គិតចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ ដោយថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋានគឺចំនួន ៦០លានរៀល ក្នុង ១ឆ្នាំ ហើយការដេញថ្លៃធ្វើអាជីវកម្មត្រូវធ្វើតាមវិធីដេញថ្លៃឡើង។

ក្រសួងបានបន្តថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលដេញថ្លៃទាំងអស់លើកលែងតែមន្ត្រីរាជការ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធហើយអ្នកមានបំណងចូលដេញថ្លៃត្រូវបង់ប្រាក់កក់បណ្តោះអាសន្នចំនួន ២០% នៃថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋានគឺស្មើ ១២លានរៀល។

ចំពោះពាក្យសុំចូលដេញថ្លៃ គឺអាចទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន ដែលមានអាសយដ្ឋានស្ថិតនៅអគារមរតកតេជោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ រៀងរាល់ម៉ោងធ្វើការ ហើយត្រូវជាក់ឱ្យបានយ៉ាងយូរបំផុត ១ ថ្ងៃមុនពេលដេញថ្លៃ។

តំបន់រ៉ាមសារព្រែកទាល់ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយ ដែលមានទំហំជាង ២ម៉ឺនហិកតា ស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង និងមានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរតាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។ អ្នកទេសចរ អាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧ម៉ោង នៅរដូវវស្សា និង ១០ម៉ោងនៅ រដូវប្រាំងដើម្បីទស្សនាសត្វស្លាបចម្រុះដ៏សម្បូរបែបនៅទីនោះរាប់ម៉ឺនក្បាល៕

ប្រភព៖ ក្រសួងព័ត៌មាន