ម្ចាស់កសិដ្ឋានកូនចៀមធម្មជាតិខេត្តកំពង់ឆ្នាំង បានជំរុញឱ្យកសិករងាកមកចាប់អារម្មណ៍លើការចិញ្ចឹមចៀមវិញ ដោយសារវាមានតម្លៃថ្លៃក៏ដូចជាឆ្លើយតបតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ លោក ប៊ុន ចាន់វីរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមធម្មជាតិភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមចៀមរហូតដល់ជាង ២០០ក្បាល ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់សាច់ និងលក់ពូជចៀមនៅក្នុងខេត្ត និងការនាំចេញទៅក្រៅខេត្ត។
លោកបញ្ជាក់ថា មុខរបរចិញ្ចឹមចៀមធម្មជាតិនេះគឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុនពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណីដើម្បីឱ្យចៀមឆាប់ធំធាត់ល្អ និងបំពេញទៅតាមតម្រូវការទីផ្សារ និងអ្នកបរិភោគ។

លោកបន្តថា កសិដ្ឋានលោកក៏បានបង្រៀនទៅដល់កសិករឱ្យយល់ដឹងអំពីរបៀបនៃការចិញ្ចឹមចៀមឱ្យត្រូវតាមបច្ចេកទេស។ លោកបានបន្ថែមថា ការចិញ្ចឹមចៀមមានផលចំណេញច្រើន ដោយអាចលក់ទាំងសាច់ ទាំងពូជ ទទួលបានតម្លៃល្អងាយស្រួលរកទីផ្សារ។

លោកបាននិយាយថា « ខ្ញុំកំពុងតែបង្រៀនច្រើនអំពីការចិញ្ចឹមចៀមហ្នឹងទៅអ្នកផ្សេងទៀត ដោយសារតែឃើញមានតម្រូវការច្រើនក៏មានហាងច្រើនដែលទាក់ទងមកនៅភ្នំពេញ និងគាត់ចង់ទិញចៀមផ្គត់ផ្គង់ឱ្យគាត់មួយថ្ងៃមួយក្បាលប្រហែលមានជិត ២០ហាង អ៊ីចឹងឥឡូវនេះមិនអាចផ្គត់ផ្គង់ទីផ្សារបានតម្រូវការទីផ្សារខ្លាំងមែនទែន។ អ៊ីចឹងហើយ ទើបខ្ញុំចង់បង្រៀនឱ្យកសិករច្រើនទៀតឱ្យគាត់ចាប់អារម្មណ៍មកមើលការចិញ្ចឹមចៀមវិញ តើគាត់ចង់ចិញ្ចឹមអត់បើមើលឃើញទីផ្សារដ៏ធំចឹងនេះហើយបានជាឥឡូវនេះខ្ញុំកំពុងរៀបចំពូជបង្រៀនការចិញ្ចឹម នឹងចែកចាយកំពុងរៀបចំពូជបង្រៀនការចិញ្ចឹមនឹងចែកចាយពូជនឹង »។

ម្ចាស់កសិដ្ឋានរូបនេះក៏បានបញ្ជាក់ថា សាច់ចៀមស្រស់ក្នុងមួយគីឡូក្រាមតម្លៃ ៧ដុល្លារ និងពូជចៀមក្នុងមួយក្បាលមានតម្លៃ ២០០ដុល្លារ។ សូមបញ្ជាក់ថា កសិដ្ឋានកូនចៀមធម្មជាតិនេះបានបង្កើតឡើងអស់រយៈពេលបីឆ្នាំហើយ ដោយមានសមាជិកចំនួន ១០នាក់ និងមានចៀមសរុបជាង ២០០ក្បាល ដែលចិញ្ចឹមក្នុងផ្ទៃដីទំហំ ៥ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន


