យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តតាកែវបានឲ្យដឹងថា ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយមានបងប្អូនប្រជាកសិករជាច្រើនគ្រួសារនិយមចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណីតៗគ្នាមក ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ លោក សូត សុផល រស់នៅភូមិសាមគ្គី ឃុំស្រែរនោងបានឲ្យដឹងថា គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ ២០០៣ ដោយរដូវវស្សាដឹកកូនទាលក់ នៅរដូវប្រាំងស៊ីឈ្នួលដឹកពងទាអាចរកចំណូលបានត្រឹមតែ ៥០០,០០០រ ទៅ ៦០០,០០០រ ក្នុងមួយខែ។
នៅឆ្នាំ ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន ១ អាចដាក់ពងភ្ញាស់បានចំនួន ១,២០០គ្រាប់ ក្នុងរយៈពេល ៤ ថ្ងៃហើយទទួលបានចំណូល ២,០០០,០០០រ ទៅ ៣,០០០,០០០រ ក្នុងមួយខែ។ ដោយពិនិត្យឃើញថា របរនេះមានចំណូលខ្ពស់ និងមានទីផ្សារច្រើនពិសេសទីផ្សារនៅរាជធានីភ្នំពេញ គ្រួសារលោកបានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។

រហូតដល់ឆ្នាំ២០១៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទាយកពង និងវិធីសាស្រ្តភ្ញាស់ពងទាដោយប្រើភ្លើងអគ្គិសនី។ ទទួលបានបទពិសោធន៍ លោកចាប់ផ្តើមប្រើឡភ្ញាស់ពងទាដោយប្រើអគ្គិសនីដែលអាចដាក់ពងទាភ្ញាស់បានចំនួន ៩,០០០គ្រាប់ ក្នុងរយៈពេល ៤ថ្ងៃ។ ពីមួយជំហានទៅមួយជំហានភាពជោគជ័យកាន់តែល្អប្រសើរឡើងរហូតមកទល់បច្ចុប្បន្ន លោកមានឡភ្ញាស់ពងទាចំនួន ២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០០,០០០គ្រាប់ ក្នុងមួយខែ។ ចំណូលដែលទទួលបានពីអាជីវកម្មនេះប្រមាណ ៩,០០០,០០០រ ទៅ ១២,០០០,០០០រ ក្នុងមួយខែ។

លោកបានបញ្ចាក់ថា ក្នុងបរិបទនៃការរាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ នេះមានអ្នកភូមិជាច្រើនមិនបានទៅរកការងារខាងក្រៅ ហើយងាកមកចាប់យករបរចិញ្ចឹមទាវិញ។ ដូចនេះ វាជាឱកាសដ៏ល្អមួយសម្រាប់គាត់ធ្វើការពង្រីកអាជីវកម្មនេះបន្ថែមទៀត ដោយជ្រើសរើសយកអ្នកភូមិដែលគ្មានការងារធ្វើមកចូលរួមធ្វើការជាមួយលោក។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននៅទូទាំងឃុំមានឡភ្ញាស់ពងទាកូនចំនួន ២៧ និងមានអ្នកចិញ្ចឹមទាហ្វូងចំនួន ៥៦គ្រួសារ ក្នុងនោះមានឡភ្ញាស់ដោយប្រើអង្កាមចំនួន ១២ និងឡភ្ញាស់ដោយប្រើចរន្តអគ្គីសនីចំនួន ១៥ ហើយពួកគាត់ក៏បានចងក្រងជាសមាគមអាជីវកម្មភ្ញាស់ពងទាកូនស្រែរនោងរួចហើយដែរ។ សព្វថ្ងៃនេះគិតជាមធ្យមឃុំស្រែរនោងទាំងមូលអាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន ២០០,០០០គ្រាប់ ក្នុងមួយថ្ងៃ៕



អត្ថបទ៖ នីតា


