អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ សហការជាមួយអង្គការដៃគូរួមគ្នាកែលម្អជីវភាពសហគមន៍តាមរយៈផលិតផលចង្កឹះទ្រាំង បន្ទាប់ពីប្រជាសហគមន៍ផលិតចង្កឹះទ្រាំងនៅភូមិឃុំឆែប១ និងឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ បានត្អូញត្អែរពីផលិតផលចង្កឹះទ្រាំងនៅឆ្នាំ ២០២០ នេះពុំមានអតិថិជនគាំទ្រធ្វើឱ្យប្រជាសហគមន៍បាត់បង់ប្រាក់ចំណូល និងឈានទៅបាត់បង់មុខរបរមួយនេះនៅក្នុងឆ្នាំខាងមុខ។
ក្នុងកិច្ចប្រជុំស្វែងយល់ពីការបង្កើនប្រាក់ចំណូលសហគមន៍មូលដ្ឋាន នៅសាលាស្រុកឆែប ខេត្តព្រះវិហារកន្លងទៅថ្មីៗនេះ លោក ស៊ីម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP) ប្រចាំកម្ពុជាបានបញ្ជាក់ថា ការព្រួយបារម្ភរបស់ប្រជាសហគមន៍ជាប្រធានបទមួយសម្រាប់ឱ្យអាជ្ញាធរ និងផ្នែកដៃគូប្រឹងប្រែងស្វែងរកដំណោះស្រាយជូន ព្រោះកិច្ចគាំពារមុខរបរជាគោលនយោបាយផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ សហគមន៍ និងជាយន្តការមួយសម្រាប់តម្រូវឱ្យយើងរួមគ្នាអភិរក្សធនធានធម្មជាតិបានថែមទៀត។

លោកបន្តថា ជាក់ស្តែងក្នុងឱកាសនេះ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើបាននាំអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកជួយផ្សព្វផ្សាយពីផលិតផលចង្កឹះទ្រាំងដែលប្រជាសហគមន៍ផលិតបាន ដើម្បីបង្ហាញដល់អ្នកនិយមប្រើប្រាស់ឱ្យចាប់អារម្មណ៍ និងរកទីផ្សារនាំចេញផងដែរ។

លោក ឃួន រ៉ាត់ សមាជិកសហគមន៍ទ្រាំង ឃុំឆែប១ ស្រុកឆែប បានសាទរចំពោះការគិតគូរជួយថែរក្សាអាជីពរបស់ប្រជាសហគមន៍ ព្រោះជាងពីរឆ្នាំមកនេះសម្ភារប្រើប្រាស់ផលិតពីដើមទ្រាំងមានអតិថិជនតិចតួចណាស់ទិញយកទៅប្រើប្រាស់ ដោយសារតែបងប្អូនខ្លះមិនទាន់បានយល់ពីគុណភាព របស់វានៅឡើយ។

លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយរៀបចំឱ្យមានទីតាំងលក់ដូរឱ្យបានច្បាស់លាស់មួយនៅក្នុងខេត្តព្រះវិហារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ឬភ្ញៀវទេសចរជាតិមកឃើញបានទិញយកទៅប្រើប្រាស់ប្រចាំគ្រួសារផង និងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ផង។

លោកអ៊ុំ សុភឿន អភិបាលរងស្រុកឆែបខេត្តព្រះវិហារ បានគាំទ្រចំពោះការស្នើឡើងនេះព្រោះវាជាដំណោះស្រាយរួម និងអាចលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យកាន់តែមានការអភិវឌ្ឍមុខរបរ និងថែរក្សាអាជីពមួយនេះកុំឱ្យបាត់បង់ឈានទៅរួមគ្នាបង្កើតជាភូមិមួយផលិតផលមួយបន្ថែមទៀត។

លោកបន្តថា គោលការបង្កើតឱ្យមានទីផ្សារលក់ពិតប្រាកដនោះលោកនឹងពិគ្រោះជាមួយអង្គការដៃគូ មន្ទីរពាក់ព័ន្ធនាំយកផលិតផលនេះទៅលក់នៅទីផ្សារចុងសប្តាហ៍ និងឱ្យបងប្អូនអាជីវករនៅតាមទីប្រជុំជន ឬតំបន់ទេសចរណ៍សំខាន់ៗលក់បន្ថែមទៀតតែក៏សូមឱ្យប្រជាសហគមន៍ជាម្ចាស់ផលិតផល ធ្វើពីទ្រាំងនេះឱ្យមានស្តង់ដារ ទាំងបរិមាណ គុណភាព និងសោភ័ណភាពផង។

សូមបញ្ជាក់ថា សហគមន៍ផលិតចង្កឹះទ្រាំងនៅស្រុកឆែប ខេត្តព្រះវិហារ មានចំនួន ៥ ក្នុងនោះនៅឃុំឆែប១ ចំនួន ៣សហគមន៍ និងនៅឃុំសង្កែ ចំនួន ២សហគមន៍ ដែលកំពុងដំណើរការផលិតសព្វថ្ងៃក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP) ប្រចាំកម្ពុជាទទួលជំនួយពីអង្គការអាមេរិក USAID ៕
ប្រភព៖ ក្រសួងព័ត៌មាន


