អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះដោះស្រាយបញ្ហាប្រមូលទិញតាសក់ និងអំពាវនាវអ្នកពាក់ព័ន្ធជួយសហការស្វែងរកទីផ្សារដើម្បីជួយសម្រួលជីវភាពរបស់ប្រជាកសិករ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា « ដើម្បីជួយដោះស្រាយបញ្ហាតាសក់ជន់ជោរខ្វះទីផ្សារនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានអំពាវនាវដល់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ឈ្មួញរកស៊ី និងអ្នកដែលពាក់ព័ន្ធទាំងអស់សូមសហការគ្នាជួយរកទីផ្សារជូនប្រជាកសិករដែលដាំដំណាំតាសក់ និងបន្លែគ្រប់ប្រភេទឱ្យមានទីផ្សារសម្រាប់លក់បានតម្លៃសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់ »។
លោកបន្តថា ជំហានដំបូងនេះមន្ទីរកសិកម្ម និងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងរកអ្នកបញ្ជាទិញក្នុងតម្លៃមួយសមរម្យជាការលើកទឹកចិត្តកសិករឱ្យខិតខំដាំដំណាំបន្ថែមទៀត ប៉ុន្តែត្រូវផ្លាស់ប្តូរមុខបន្លែ ដោយជ្រើសរើសយកប្រភេទបន្លែមានទីផ្សារទទួលបានតម្លៃខ្ពស់ រក្សាទុកបានយូរចៀសវាងការដាំបន្លែដដែលៗជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារ។

ទាក់ទងនឹងទីផ្សារ គឺមន្ទីរបានទំនាក់ទំនងទៅអ្នកបញ្ជាទិញមួយចំនួន និងទីផ្សារធំៗហើយ ហើយបានពន្យល់ណែនាំដល់ពួកគាត់នៅក្នុងក្រុមឱ្យចេះធ្វើទីផ្សារ គឺថាចេះយកកសិផលនៅក្នុងស្រុករបស់ខ្លួន ទៅលក់នៅលើទីផ្សារ។ ទន្ទឹមគ្នានឹង កំពុងរកអ្នកបញ្ជាទិញធំៗ ហើយក្រុមផលិតហ្នឹងត្រូវចេះប្រជុំពង្រឹងគ្នា រៀបចំផែនការដាំទាំងប្រភេទដំណាំត្រូវដាំ ទាំងពេលវេលាដែលត្រូវចាប់ផ្ដើមដាំធ្វើយ៉ាងណាកុំឱ្យពិបាករកទីផ្សារ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់កសិករដាំត្រសក់ដែលកំពុងរងផលប៉ះពាល់តម្លៃនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន ៣៩ គ្រួសារ ដោយក្នុង ១ គ្រួសារៗទទួលបានថវិកាចំនួន ៥០០,០០០រៀល និងបានជួយទិញត្រសក់ចំនួន ៤តោន ចែកជូននគរបាល កងរាជអាវុធហត្ថ កងទ័ព កងពលលេខ២១ ពន្ធនាគារ និងមន្ទីរពេទ្យផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន


