ក្រុមហ៊ុន Pfizer ដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំង COVID-19 ដ៏មានសក្ដានុពលរបស់ខ្លួននៅជប៉ុន
អាជីវកម្ម December 18, 2020 Khmernote

ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយនាថ្ងៃសុក្រ (១៨ ធ្នូ) នេះថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួននៅក្នុងប្រទេសជប៉ុន ខណៈដែលវ៉ាក់សាំងកំពុងត្រូវបានប្រើប្រាស់រួចហើយនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពាក្យសុំទៅក្រសួងសុខាភិបាលជប៉ុន រួមជាមួយការផ្តល់ព័ត៌មានស្តីពីការធ្វើតេស្ត ដែលខ្លួនបានអនុវត្តរហូតមកដល់ពេលនេះ។

យ៉ាងណាមិញប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមុនពេលការប្រកាសរបស់ Pfizer ថា ប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំង គឺជាអាទិភាព។ លោកបានបន្ថែមទៀតថា ប្រទេសជប៉ុនសង្ឃឹមថាប្រជាជនទាំងអស់របស់ខ្លួននឹងទទួលបានការចាក់វ៉ាក់សាំងនៅឆមាសទីមួយនៃឆ្នាំក្រោយ ហើយរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងសម្រាប់ការរៀបចំឱ្យបានត្រឹមត្រូវដើម្បីអនុវត្ត។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយ Pfizer សម្រាប់វ៉ាក់សាំងចំនួន ១២០ លានដូស ដែលផលិតដោយ Pfizer និងដៃគូអាល្លឺម៉ង់ BioNTech៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia