បន្លែសុវត្ថិភាពនៅតែមានតម្រូវការខ្ពស់ក្នុងខេត្តសៀមរាប ប៉ុន្តែប្រជាកសិករគួរជ្រើសរើសប្រភេទបន្លែដែលមានតម្រូវការទីផ្សារ
អាជីវកម្ម December 18, 2020 Chan Sreyny

សម្រាប់ខេត្តសៀមរាបមុនមានវិបត្តិកូវីដ-១៩ តម្រូវការបន្លែក្នុងខេត្តមានចន្លោះពី ៦០តោន ទៅ ៨០តោន ក្នុងនោះ ៨០% ផ្គត់ផ្គង់ដោយកសិករក្នុងខេត្ត និង​ ២០% ទៀតនាំចូលពីបណ្ដាខេត្តក្នុងប្រទេស និងមកពីបរទេស។ ទោះបីក្នុងវិបត្តិកូវីដ-១៩ ការទទួលទានបន្លែជាអាហារក៏ពុំសូវមានការធ្លាក់ចុះប៉ុន្មានដែរ នេះបើតាមការបង្ហាញពីលោក ពុត លឿម អនុប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មវិធីសន្ទនាមតិ។

ចំពោះការនាំចូលបន្លែមកក្នុងទីផ្សារខេត្តសៀមរាប លោក ពុត លឿម បញ្ជាក់ថា ភាគច្រើនជាប្រភេទបន្លែពិបាកថែទាំ និងរើសអាកាសធាតុ (ប្រកាន់រដូវ) ដូចជា៖ ការ៉ុត ដំឡុងបារាំង ខ្ទឹមបារាំង ។ល។ ដូច្នេះ ប្រជាកសិករភាគច្រើនមិនមានលទ្ធភាពក្នុងការចំណាយសម្រាប់ការផលិតឡើយ រីឯតម្លៃលក់ចេញក៏មិនអាចឆ្លើយតបទៅនឹងការចំណាយផងដែរ។ ដើម្បីកាត់បន្ថយការនាំចូលផលិតផលបន្លែទាំងនោះ មន្ទីរកសិកម្មខេត្តរួមនឹងស្ថាប័នអង្គភាពដៃគូពាក់ព័ន្ធ បានជំរុញឲ្យកសិករបង្កើតជាផ្ទះសំណាញ់ ដើម្បីអាចដាំដុះបន្លែដែលមិនធន់នឹងកម្ដៅព្រមទាំងផ្ដល់នូវបច្ចេកទេសថ្មីៗបន្ថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ មន្ទីរកសិកម្មខេត្តពុំលើកទឹកចិត្តដល់កសិករអនុវត្តការដាំបន្លែដែលប្រើបច្ចេកទេសខ្ពស់ពេក និងចំណាយដើមទុនច្រើនដែលមិនសមស្របនឹងតម្លៃនៅលើទីផ្សារបច្ចុប្បន្នឡើយ។ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា សម្រាប់ទីផ្សារបន្លែសុវត្ថិភាពមន្ទីរកសិកម្មខេត្ត មន្ទីរពាណិជ្ជកម្មខេត្តរួមនឹងស្ថាប័នពាក់ព័ន្ធ បានបង្កើតជាផ្សារចុងសប្ដាហ៍ក្នុងក្រុងដែលជាទីកន្លែងណាត់ជួបរវាងអ្នកទិញ និងអ្នកលក់ផ្ទាល់ផងដែរ។

លើសពីនោះ គម្រោងអាស្ប៉ាយ គម្រោងបឹងទន្លេសាប និងគម្រោងលាភដែលសុទ្ធតែជាគម្រោងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមក្រុងស្រុកទាំង ១២ របស់ខេត្តសៀមរាបបានណែនាំឲ្យមានការបង្កើតបណ្ដុំកសិករ និងអាជីវករលក់ផលិតផលកសិកម្មដែលមានក្រុមអ្នករកទីផ្សារ ដើម្បីធ្វើយ៉ាងនាំយកផលដំណាំរបស់ប្រជាកសិករទៅដល់ដៃម្ចាស់អាជីវកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។ ដោយឡែកកសិករដែលមិនទាន់មានក្រុម ឬសហគមន៍កសិកម្មពួកគាត់អាចទំនាក់ទំនងអ្នកដែលនៅក្នុងបណ្ដុំកសិករទាំងនោះដើម្បីបំពេញលក្ខខណ្ឌចូលជាសមាជិក។

ទាក់ទងទៅនឹងការដាំដុះបន្លែឲ្យស្របតាមតម្រូវការទីផ្សារ លោក ពុត លឿម បានសំណូមពរដល់ប្រជាកសិករគួរសាកសួរព័ត៌មានពីតម្រូវការបន្លែលើទីផ្សារពីអ្នកជំនាញជុំវិញខ្លួនជាមុនសិន ចៀសវាងការខាតបង់នៅពេលទទួលផល៕

ប្រភព៖ ក្រសួងព័ត៌មាន