កូវីដ មិនត្រឹមសម្លាប់មនុស្ស តែក៏សម្លាប់អាជីវកម្មដល់ទៅ ៨០០ នៅជប៉ុនឲ្យក្ស័យធន ក្នុងពេលមិនដល់មួយឆ្នាំ
អាជីវកម្ម December 16, 2020 Khmernote

ក្រុមហ៊ុនសា្រវជ្រាវឥណទានជប៉ុនបានឲ្យដឹងថា​ ជំងឺរាតត្បាតបានធ្វើឲ្យអាជីវកម្មចំនួន ៨០០ នៅក្នុងប្រទេសជប៉ុនត្រូវដួលរលំដោយប្រកាសក្ស័យធន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK កាលពីពេលពេលថ្មីៗនេះ។ ក្រុមហ៊ុន​ Teikoku Databank ឲ្យដឹងបន្ថែមថា តួលេខនេះគ្របដណ្តប់លើក្រុមហ៊ុនដែលបានឈប់ធ្វើជំនួញ (បិទជាអចិន្ត្រៃយ៍) ឬ ចាប់ផ្តើមនីតិវិធីរំលាយស្របច្បាប់ (ក្ស័យធន) ចាប់ពីខែកុម្ភៈដល់ថ្ងៃទី១៥ ខែធ្នូ។ ក្នុងនោះដែរ ភោជនីដ្ឋាន និងបារ គឺជាប្រភេទអាជីវកម្មដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយមានចំនួនរហូតដល់ទៅ១២៦ ហាង ខណៈសម្រាប់សណ្ឋាគារ និងផ្ទះសំណាក់មានចំនួន ៧០ ហើយក្រុមហ៊ុនសំណង់មានចំនួន ៥៧។

យ៉ាងណមិញអាជីវកម្មត្រូវបានគេរំពឹងថា នឹងជួបប្រទះនូវស្ថានភាពលំបាកជាងមុន ដោយសារតែការរឹតបន្តឹង និងវិធានការផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងបន្ថែមទៀត។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចផ្អាកយុទ្ធនាការលើកទឹកចិត្តដល់ការធ្វើដំណើររបស់ខ្លួនទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១១ ខែមករា ស្របពេលដែលភោជនីយដ្ឋាន ហាងស្រា និងបារ កំពុងត្រូវបានគេស្នើសុំឱ្យកាត់បន្ថយម៉ោងប្រតិបត្តិការនៅតាមតំបន់ខ្លះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk