ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) ផ្ដល់ជូនសេវាកម្មព្យាបាលឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិ ប្រសិនបើពួកគេឆ្លងជំងឺ Covid-19 ក្នុងអំឡុងពេលធ្វើដំណើរ
អាជីវកម្ម December 16, 2020 Khmernote

យោងតាមការការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ (JAL) បានដាក់ចេញយុទ្ធសាស្រ្តថ្មី ដើម្បីទាក់ទាញភ្ញៀវក៏ដូចជាអាចរក្សាប្រតិបត្តិការរបស់ខ្លួន ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបានវាយប្រហារដោយវីរុស Covid-19។ យុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ (JAL) គឺផ្ដល់ជូននូវសេវាកម្មព្យាបាលឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិ ប្រសិនបើពួកគេត្រូវបានរកឃើញថាបានកើតជំងឺ Covid-19។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ជូនកម្មវិធី JAL Covid-19 Cover ជាផ្នែកមួយនៃកម្មវិធី JAL FlySafe របស់ខ្លួន ដើម្បីគាំទ្រដល់អ្នកដំណើរដែលមានតំរូវការធ្វើដំណើរចាំបាច់ក្នុងកំឡុងពេលមានជំងឺរាតត្បាតជាសកល។

សេវាកម្មថ្មីដែលផ្តល់ដោយ Allianz Travel ដែលជាក្រុមហ៊ុនធានារ៉ាបរងរួមបញ្ចូលទាំងការធានារ៉ាប់រងរហូតដល់ ១៥០,០០០ យ៉េន (ប្រមាណជាង ១៨ ម៉ឺនដុល្លារ) ជាថ្លៃព្យាបាលសរុបដែលគិតចាប់ពីថ្លៃសេវាធ្វើតេស្ត Covid-19 ដំបូង និងការព្យាបាលវេជ្ជសាស្ត្រជាបន្តបន្ទាប់សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលធ្វើដំណើរ។

បន្ថែមពីនេះ ការធានារ៉ាប់រងបន្ថែមសម្រាប់ការចំណាយលើការដាក់នៅដាច់ដោយឡែក និងការធ្វើមាតុភូមិនិវត្តន៍ក៏ត្រូវបានរាប់បញ្ចូលផងដែរ ហើយបណ្តាញទូរស័ព្ទ ២៤ ម៉ោងជាភាសាអង់គ្លេស និងភាសាជប៉ុន ក៏នឹងមានផងដែរ ដើម្បីជួយដល់អតិថិជនក្នុងការបង្ហាញរោគសញ្ញា ដោយការធានារ៉ាប់រងនេះនឹងត្រូវផ្តល់ជូនចាប់ពីថ្ងៃទី ២៣ ខែធ្នូ ខាងមុខនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand