ការបង្កើត ការអនុម័ត និងការចែកចាយវ៉ាក់សាំងប្រឆាំងនឹងវីរុស covid-19 តំណាងឲ្យព្រឹត្តិការណ៍សំខាន់មួយសម្រាប់វិទ្យាសាស្រ្ត និងមនុស្សជាតិ ប៉ុន្តែទោះជាយ៉ាងណាវាក៏ក្លាយជាប្រភពចំណូលដ៏មហាសាលដល់ក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ដូចជា ក្រុមហ៊ុន
Pfizer និង Moderna ដែលអាចរកចំណូលបានជិត ៣២ ពាន់លានដុល្លារពីការលក់វ៉ាក់សាំងដែលបានរំពឹងទុក។ យោងតាមសារព័ត៌មាន entrepreneur បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Pfizer តែឯងត្រូវបានប៉ាន់ប្រមាណថា នឹងរកប្រាក់ចំណូលបាន ១៩ ពាន់លានដុល្លារពីវ៉ាក់សាំង Covid-19 ដែលនេះជាការបន្ថែមទៅលើការប៉ាន់ស្មានចំនួន ៩៧៥ លាននាក់ដែលពួកគេបានទទួលពីការលក់វ៉ាក់សាំងក្នុងឆ្នាំ ២០២០ ។
របាយការណ៍គម្រោងផ្នែកហិរញ្ញវត្ថុដូចគ្នាដែលនៅចន្លោះឆ្នាំ២០២២ និង ២០២៣ ក្រុមហ៊ុន Pfizer នឹងរកចំណូលបានប្រហែល ៩.៣ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់វ៉ាក់សាំងរបស់ខ្លួន នៅពេលការចាក់វ៉ាក់សាំងជាច្រើននៅតែបន្តកើតមានក្នុងចំណោមប្រជាជនលើពិភពលោក។ របាយការណ៍ក៏បានឲ្យដឹងផងដែរថា ប្រាក់ចំណូលនឹងត្រូវបានបែងចែកជាមួយ BioNTech ដែលជាក្រុមហ៊ុនអាឡឺម៉ង់ដែលខ្លួនបានសហការបង្កើតវ៉ាក់សាំង។

ជាមួយគ្នានេះដែរក្រៅពីចំណូលដែលទទួលបាន ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer បានកើនឡើង ១២% នៅឆ្នាំនេះ ខណៈពេលដែលភាគហ៊ុនរបស់ដៃគូគឺ BioNTech កើនឡើងជិត ៣០០% ដោយនេះបាននាំឱ្យតម្លៃនៃក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាឡឺម៉ង់ឈានដល់ជិត ៣០ ពាន់លានដុល្លារ។

យ៉ាងណាមិញក្រៅពីក្រុមហ៊ុន Pfizer និង BioNTech ក្រុមហ៊ុន Moderna ក៏ទទួលបានចំណូលដ៏ច្រើនស្ទើរមិនគួរឲ្យជឿដែរពីវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 របស់ខ្លួន។ គួរម្លឹកថា មុនឆ្នាំ ២០២០ មានមនុស្សតិចណាស់ដែលបានស្គាល់អំពីក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនផលិតជីវគីមីវ័យក្មេងដែលបានបង្កើតវ៉ាក់សាំងការពារជំងឺ Covid-19 ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះតម្លៃរបស់ក្រុមហ៊ុនឱសថអាមេរិកមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៦២,០០០ លានដុល្លារដោយសារភាគហ៊ុនរបស់វាបានកើនឡើងប្រហែល ៧០០% នៅឆ្នាំនេះ។

យោងតាម Goldman Sachs បានឱ្យដឹងថាក្រុមហ៊ុន Moderna ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ចំណូលចំនួន ១៣.២ ពាន់លានដុល្លារពីវ៉ាក់សាំងនៅក្នុងឆ្នាំ ២០២១ ដោយតួលេខទាំងនេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់សម្រាប់ ក្រុមហ៊ុន Moderna ខណៈក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុននេះរកចំណូលបានតែ ៦០លានដុល្លារប៉ុណ្ណោះក្នុងការលក់៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur


