ក្រុមហ៊ុន Thai Airways ហាក់ស្រង់ដើមវិញមិនរួច ខណៈជើងហោះហើរឡើងវិញដែលជាក្ដីសង្ឃឹមថ្មី ត្រូវផ្អាកដោយសារវីរុសបន្តរីករាលដាលក្នុងប្រទេស
អាជីវកម្ម December 11, 2020 Khmernote

ក្ដីសង្ឃឺមថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដើម្បីស្ដារក្រុមហ៊ុនឡើងវិញជាបណ្ដើរៗ ត្រូវបានបំផ្លាញជាថ្មីម្ដងទៀត ដោយសារតែការរីករាលដាលនៃវីរុស​ Covid-19 នៅក្នុងប្រទេស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Thaiger នាព្រឹកថ្ងៃទី១១ ខែធ្នូ នេះបានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកដំបូងទៅកាន់ ភូកេត និងឈៀងម៉ៃ ដែលនឹងត្រូវចាប់ផ្ដើមហោះហើរនៅចុងខែធ្នូនេះ ត្រូវបានផ្អាក។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ជើងហោះហើររបស់ក្រុមហ៊ុននេះ ត្រូវបានផ្អាក និងពន្យារពេលហោះហើររហូតដល់ដើមខែមករា ប៉ុន្តែប្រសិនបើវីរុសនៅតែបន្តរីករាលដាល ក្រុមហ៊ុនអាចនឹងត្រូវសម្រេចចិត្តពន្យារពេលការហោះហើរដោយគ្មានដែនកំណត់។

មូលហេតុដែលធ្វឲ្យក្រុមហ៊ុន Thai Airway មិនអាចដំណើរការជើងហោះហើរដំបូង ចាប់តាំងពីបញ្ឍរជើងចោលអស់ជិត ៩ខែមកនេះ គឺដោយសារជនជាតិថៃចំនួន ១៧ នាក់បានធ្វើតេស្តិ៍វិជ្ជមាន Covid-19 បន្ទាប់ពីបានចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ពីតំបន់ព្រំដែន Tachileik របស់ប្រទេសមីយ៉ាន់ម៉ា។ ពួកគេបានគេចខ្លួនពីការដាក់ឲ្យនៅដាច់ដោយឡែក ហើយអ្នកខ្លះបានធ្វើដំណើរទៅទីក្រុងបាងកក ឈៀងម៉ៃ និងខេត្តដទៃទៀតមុនពេលធ្វើតេស្តវិជ្ជមាន។ លើសពីនេះថ្មីៗនេះមានការរីករាលដាលនៃវីរុសដែលមិនទាក់ទងគ្នានៅក្នុងទីក្រុងបាងកក គឺគិលានុបដ្ឋាយិកាចំនួន ៦នាក់បានធ្វើតេស្តិ៍វិជ្ជមាន Covid-19 ដោយមន្ត្រីសុខាភិបាលសង្ស័យថា គិលានុប្បដ្ឋាយិកាម្នាក់មិនបានពាក់ឧបករណ៍ការពារត្រឹមត្រូវដោយឆ្លងវីរុសពេលកំពុងធ្វើការ។

គួរឲ្យដឹងផងដែរថា មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍កំពូលរបស់ថៃក្នុងឆ្នាំនេះ ដោយក្រុមហ៊ុន Thai Airways បានប្រកាសដាក់ពាក្យទៅតុលាក្ស័យធនកាលពីពេលកន្លងទៅនេះ ដោយសាររត់មិនរួចនៅក្នុងវិបត្តិកូវីដ ជាមួយការកប់បំណុលជិត ៣០០ ពាន់លានបាត។ ក្រោយមកត្រូវទទួលបានការអនុញ្ញាតឲ្យស្ដារក្រុមហ៊ុនឡើងវិញ ប៉ុន្តែហាក់ដូចជាមិនកបប្រសើរសោះ បើទោះបីជាក្រុមហ៊ុននេះព្យាយាមប្រើយុទ្ធសាស្រ្តបែបណាក៏ដោយ ជាក់ស្ដែងខណៈពេលមិនអាចហោះហើរបាន Thai Airways បានងាកមកបើកភោជនីយដ្ឋានលើយន្តហោះនៅផ្ទាល់ដី លក់សម្ភារៈប្រើប្រាស់របស់ខ្លួន ហើយក៏ប្រកាសលក់ឡៃឡុងយន្តហោះមួយចំនួដូចគ្នា រហូតមកទល់ពេលថ្មីៗនេះ បានចាប់ផ្ដើមបើកជើងហោះហើរថ្មី តែឥឡូវក៏ត្រូវផ្អាកទៀត៕

អត្ថបទ៖​ លីនី
ប្រភព៖ thethaiger