កសិករខេត្តបាត់ដំបង សម្រុកដាំដុះបន្លែកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងពេលមានបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩
អាជីវកម្ម December 10, 2020 Chan Sreyny

បន្លែស្ទើរគ្រប់មុខមានត្រប់ ល្ហុង ស្ពៃក្តោប ខាត់ណា ម្ទេស ស្ពៃ ឆៃថាវ ត្រសក់ ត្រកួនជាដើមត្រូវបានកសិករខេត្តបាត់ដំបងងាកមកដាំកាន់តែច្រើនឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារ និងសេដ្ឋកិច្ចគ្រួសារក្នុងពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ។បន្លែកកកុញស្ទើរគ្រប់មុខទាំងនោះ ភាគច្រើនកសិករ ឬឈ្មួញដឹកយកមកលក់រាយ ឬបោះដុំផ្ទាល់នៅផ្សារបន្លែភូពុយស្ថិតក្នុងក្រុងបាត់ដំបង។ អ្នកបោះដុំម្នាក់បាននិយាយថា « បច្ចុប្បន្ន កសិករបានងាកទៅដាំដុះបន្លែខ្លាំងជាងមុនខ្លះដាំ ១រ៉ៃ រហូតដល់ ១ហិចតា និងខ្លះ ៥ហិចតា ក៏មានទៅតាមលទ្ធភាពពួកគាត់ និងតាមតំបន់ដែលសម្បូរប្រភពទឹកពិសេសស្រុកសំឡូត ស្រុកបវេល និងស្រុកមួយចំនួនទៀត »។

លោកយល់ថា ការងាកទៅដាំដុះបន្លែខ្លាំងនេះដោយសារតែប្រទេសកម្ពុជាក៍ដូចជាបណ្តាប្រទេសនានា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ធ្វើឱ្យពិបាករកការងារធ្វើហើយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មកម្ពុជាបានយកចិត្តទុកដាក់ជំរុញខ្លាំងដូចជា ចែកគ្រាប់ពូជដំណាំ ការផ្តល់បច្ចេកទេសដល់កសិករក្រោយពីរងគ្រោះដោយទឹកជំនន់ផងដែរ។

លោក ខាត់ បូរិន្ទ ប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថា ខេត្តបាត់ដំបងត្រូវការបន្លែប្រើប្រាស់ប្រចាំថ្ងៃជិត ២០០តោន ក្នុងមួយថ្ងៃដូច្នេះការងាកទៅការដាំដុះបន្លែរបស់កសិករខេត្តបាត់ដំបងមានជាង ៣ពាន់ហិចតា វាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន លើកលែងតែបន្លែមួយចំនួនដែលយើងមិនអាចដាំបានដូចជា៖ ការ៉ុត ដំឡូងបារាំង ស្ពៃបូកគោ ខ្ទឹម ជាដើម។

លោកបន្ថែមថា សន្ទុះនៃការដាំដុះរបស់កសិករនេះ ក៍ដោយសារការផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ ១៤ ក្រុងស្រុកក្នុងខេត្តបាត់ដំបង ឱ្យកសិករចេះសម្របខ្លួនទៅតាមអាកាសធាតុ ដោយបានអប់រំកសិករឱ្យចេះវិភាគលើលទ្ធភាពពីសក្តានុពលអាចធ្វើបានលើដីរបស់ពួកគាត់ និងពន្យល់កសិករឱ្យយល់ដឹងថា ការដាំបន្លែបានចំណូលជាងការធ្វើស្រែ។ លោកលើកឧទាហរណ៍ក្នុង ១ហិកតា ចំណេញយ៉ាងច្រើន ២០០ដុល្លារ ទៅ ៤០០ដុល្លារ តែបើកសិករដាំបន្លែលើផ្ទៃដី ១រ៉ៃ អាចចំណេញបាន ១ពាន់ ទៅ ២ពាន់ដុល្លារ ឯណោះ៕

ប្រភព៖ ក្រសួងព័ត៌មាន