ក្រោយវ៉ាក់សាំងការពារជំងឺ Covid-19 មួយចំនួនត្រូវបានអនុម័ត និងសន្ទុះនៃការអភិវឌ្ឍន៍ រួមទាំងផលិតកើនឡើងព្រោងព្រាត ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានចេញច្បាប់ដែលតម្រូវឲ្យអ្នកដំណើរត្រូវចាក់វ៉ាក់សាំង ទើបអាចហោះហើរជាមួយក្រុមហ៊ុនរបស់ពួកគេបាន។ ជាមួយគ្នានេះកាលពីពេលថ្មីៗនេះនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia បាននិយាយថា៖ « រដ្ឋាភិបាលនានានៅអាស៊ីអាចតម្រូវឲ្យអ្នកដំណើរចូលក្នុងប្រទេស ត្រូវចាក់វ៉ាក់សាំង Covid-19 »។ លោក Tony Fernandes បានថ្លែងនៅឯមជ្ឈមណ្ឌល CAPA មួយសម្រាប់ព្រឹត្តិការណ៍អាកាសចរណ៍ថា លោកបានមើលឃើញថាតម្រូវការនឹងក្លាយជានិន្នាការមួយនៅក្នុងទ្វីបអាស៊ី ។
លោកបានមានប្រសាសន៍ថា៖ « ខ្ញុំបានមើលឃើញជាមុននៅអាស៊ី ខ្ញុំគិតថាពួកគេនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលទៅក្នុងប្រទេសដោយគ្មានការចាក់វ៉ាក់សាំងឡើយ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍នឹងមិនធ្វើការសម្រេចលើអ្នកដំណើរអំពីការចាក់វ៉ាក់សាំងនោះទេ។ »

នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរូបនេះបានបញ្ជាក់បន្ថែមថា៖ « ចំពោះការតម្រូវឲ្យអ្នកដំណើរចាំបាច់ត្រូវចាក់វ៉ាក់សាំង វាមិនអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍ទេដែលត្រូវសម្រេច តែវាជាការសម្រេចរបស់រដ្ឋាភិបាល ថាតើពួកគេនឹងអនុញ្ញាតឱ្យប្រជាជនចូលដែរ ឬ ទេ? ប្រសិនបើពួកគេមិនបានចាក់វ៉ាក់សាំង »។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី បានតម្រូវឲ្យអ្នកដំណើរអន្តរជាតិត្រូវចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដើម្បីធ្វើការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ហើយការប្រឆាំងនឹងឧស្សាហកម្មអាកាសចរណ៍ទៅនឹងការចាក់វ៉ាក់សាំង Covid-19 ចាំបាច់សម្រាប់អ្នកដំណើរបានកើនឡើងកាន់តែខ្លាំង នៅពេលដែលការអនុម័តវ៉ាក់សាំង បង្កឱ្យមានការជជែកវែកញែកអំពីតួនាទីរបស់ពួកគេក្នុងការធ្វើដំណើរតាមផ្លូវអាកាស៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


