បុគ្គលិកចំនួន ៦៥៤ នាក់របស់ក្រុមហ៊ុន Mitsubishi Motors របស់ជប៉ុនបង្ខំចិត្តចូលនិវត្តន៍មុនពេលកំណត់ដោយសារហេតុផលមួយនេះ
អាជីវកម្ម December 9, 2020 Chan Sreyny

យោងតាមក្រុមហ៊ុន Mitsubishi Motors Corp របស់ជប៉ុនបានឱ្យដឹងថា បុគ្គលិករបស់ខ្លួនចំនួន ៦៥៤ នាក់នឹងចាកចេញពីក្រុមហ៊ុនក្រោមកម្មវិធីចូលនិវត្តន៍មុនពេលកំណត់ ដែលជាផ្នែកមួយនៃការរៀបចំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំណាយ។ ក្រុមហ៊ុនផលិតរថយន្តដែលកំពុងមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Nissan Motor Co និងក្រុមហ៊ុន Renault SA បានណែនាំអំពីការកាត់បន្ថយនេះកាលពីខែមុន សម្រាប់បុគ្គលិកដែលមានអាយុលើសពី ៤៥ ឆ្នាំរាប់បញ្ចូលទាំងបុគ្គលិកដែលមានតួនាទីគ្រប់គ្រង ដោយសារតែការលក់ធ្លាក់ចុះខណៈពេលដែលជំងឺរាតត្បាត Covid-19 បានឆ្លងរាលដាល។

ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថា អ្នកដាក់ពាក្យសុំនឹងចាកចេញពីក្រុមហ៊ុននៅចុងខែមករា នឹងទទួលបានប្រាក់បន្ថែមក្នុងការចូលនិវត្តន៍។ យោងតាមផែនការអាជីវកម្មពាក់កណ្ដាលរបស់ខ្លួន ដែលត្រូវបានបង្ហាញនៅក្នុងខែកក្កដា Mitsubishi Motors ដែលមានបុគ្គលិកប្រហែល ១៤,០០០ នាក់គិតត្រឹមខែមីនា មានគោលបំណងកាត់បន្ថយការចំណាយសរុបជាង ២០% ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ៦ ខែក្រុមហ៊ុន Mitsubishi Motors បានខាតបង់សុទ្ធចំនួន ២០៩.៨៨ ពាន់លានយ៉េន ដោយសារតែការធ្លាក់ចុះនៃការលក់ទូទាំងពិភពលោក និងការខាតបង់លើឱនភាពនៃទ្រព្យសកម្មជាមួយនឹងការលក់របស់ខ្លួនបានធ្លាក់ចុះ ៤៩% ៕

អត្ថបទ៖ នីតា
ប្រភព៖ japantimes