កសិករម្នាក់ក្នុងខេត្តសៀមរាប រំពឹងទទួលបានប្រាក់ចំណូលប្រមាណ ៦០០លានរៀលពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ
អាជីវកម្ម December 7, 2020 Chan Sreyny

ទោះពិភពលោក ក៏ដូចប្រទេសកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្តីលោក ឈាវ ហុង វ័យ ៦២ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបនៅតែរំពឹងថា កសិដ្ឋានរបស់លោកនឹងទទួលបានប្រាក់ចំណូលប្រមាណ ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វនេះបើតាមប្រសាសន៍របស់លោកកាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ កសិករគម្រូចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែកាលពីឆ្នាំ ២០១៥ រូបនេះបង្ហាញថា នៅឆ្នាំ ២០១៩ កសិដ្ឋានរបស់លោកទទួលបានប្រាក់ចំណូលប្រមាណ៤ ៣០លានរៀល លើផ្ទៃដី ៨ហិកតា។ ក្នុងនោះលោ ចំណាយពី ៧០% ទៅ ៧៥% លើកម្លាំងពលកម្មមនុស្ស ១០នាក់ និងវត្ថុធាតុដើមផ្សេងៗក៏ដោយ ក៏លោកនៅតែបង្ហាញអារម្មណ៍រីករាយ និងហៅថាជាឆ្នាំនៃមោទកភាពក្នុងនាមជាកសិកររបស់លោក។

លោក ឈាវ ហុង បញ្ជាក់ថា ជំហានដំបូងលោកធ្វើការដាំតែបន្លែលើផ្ទៃដី ៣ហិកតា ពុំទទួលបានជោគជ័យទេ រហូតលោកបានចូលទៅសិក្សាបច្ចេកទេសដាំដុះចិញ្ចឹមសត្វក្នុងសហគមន៍មួយក្នុងមូលដ្ឋានរបស់លោក ដែលមានអ្នកបច្ចេកទេសមកពីមន្ទីរកសិកម្មខេត្តរួមនិងអង្គការ គ្រឹះស្ថានសិក្សាមួយចំនួនទៀត។ ការដាំដុះ និងចិញ្ចឹមសត្វតែមួយមុខមិនគ្រប់គ្រាន់ទេ ការស្វែងរកទីផ្សារ និងកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មខេត្តក៏ជាកត្តាសំខាន់ផងដែរ។ បច្ចុប្បន្ននេះ លោកទទួលការបញ្ជាទិញបន្លែសាច់ពីអតិថិជនជារៀងរាល់ថ្ងៃទោះវិបត្តិជំងឺកូវីដ-១៩ នៅអូសបន្លាយក៏ដោយ។

លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបង្ហាញថា ក្រៅពីការជួយជាបច្ចេកទេសដល់កសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្វែងរកអង្គការកសិកម្មដៃគូ បង្កើតជាកម្មវិធីថ្នាក់ជាតិមួយទៀតហៅកាត់ថា អាស្ប៉ាយ (Aspire) ដែលជាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយដល់សហគមន៍កសិកម្ម និងក្រុមបណ្តុំអាជីវកម្មកសិកម្មក្នុងខេត្ត ២៤ ទៅលើបច្ចេកទេស និងគម្រោងមួយចំនួនទៀត ដែលជួយគាំទ្រ និងជំរុញដល់កសិករក្នុងវិស័យកសិកម្មនេះទទួលបានភាពជោគជ័យ។

សម្រាប់ខេត្តសៀមរាប កម្មវិធីនេះជួយដល់ឃុំ-សង្កាត់ចំនួន ៤៤ នៃក្រុង-ស្រុកចំនួន ១១ ក្នុងចំណោមក្រុងស្រុកសរុប ១២ និងមានអ្នកទទួលផលជាង ៣ ពាន់គ្រួសារ។ គួរជម្រាបថា បន្ទាប់ពីលោក ឈាវ ហុង បានសិក្សា និងយល់ដឹងពីបច្ចេកទេសកសិកម្មទំនើបលោកបានប្រើប្រាស់ដីកសិដ្ឋានរបស់លោកដាំដុះដាំដំណាំជាច្រើនមុខ និងចិញ្ចឹមសត្វដែលជាប្រព័ន្ធកសិកម្មចម្រុះរួមមាន៖ ដំណាំបន្លែយកស្លឹក យកផ្លែ បន្លែក្នុងផ្ទះសំណាញ់ ដំណាំស្រូវ បណ្តុះផ្សិត និងចិញ្ចឹមសត្វ (ត្រី មាន់ និងគោ)។

បន្ថែមពីនោះ នៅឆ្នាំ ២០២១ ខាងមុខលោកនឹងបង្កើនការដាំដុះក្នុងផ្ទះសំណាញ់ឲ្យបានពី ៦ ទៅ ១០ កន្លែង និងប្រែក្លាយបន្តិចម្តងៗឲ្យទៅជាតំបន់កសិ-ទេសចរណ៍៕

ប្រភព៖ ក្រសួងព៍ត៌មាន