ក្រសួងមហាផ្ទៃថៃ និងក្រសួងសុខាភិបាលសាធារណៈ បានធ្វើសន្និសិទកាសែតនៅថ្ងៃសុក្រនេះ ដើម្បីប្រកាសពីការអនុវត្តច្បាប់ថ្មីដែលហាមឃាត់ការលក់ ឬផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុលតាមរយៈបណ្តាញអ៉ីនធឺណេត។ លោកវរសេនីយ៍ទោ Siriwat Deephor អ្នកនាំពាក្យប៉ូលីសបានមានប្រសាសន៍ថា « ចាប់ពីថ្ងៃច័ន្ទ ទី ៧ ខែធ្នូ ការលក់ និងផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុលតាមអ៉ីនធឺណេតនឹងត្រូវហាមឃាត់ »។ លោកបន្តថា « ការលក់ដោយផ្ទាល់ ការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ ការណែនាំផលិតផល ឬសេវាកម្មពាក់ព័ន្ធផ្សេងទៀតតាមរយៈបណ្តាញអ៉ីនធឺណេតដែលអាចឱ្យអ្នកលក់បំពេញការលក់ដោយមិនចាំបាច់ជួបអ្នកទិញទល់មុខនឹងត្រូវហាមឃាត់ »។
ទោះយ៉ាងណាក៏ដោយ ការហាមឃាត់នេះមិនរាប់បញ្ចូលការបង់ថ្លៃភេសជ្ជៈដែលមានជាតិអាល់កុលតាមរយៈវិធីអេឡិចត្រូនិចនៅតាមហាង ភោជនីយដ្ឋាន ឬគ្រឹះស្ថានដែលបម្រើគ្រឿងស្រវឹង។ លោក Siriwat បានបន្ថែមថា « អ្នករំលោភបំពាន អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៦ ខែនិង/ឬ បង់ប្រាក់ ១០,០០០ បាតក្នុងការពិន័យ »។

លោកវេជ្ជបណ្ឌិត Niphon Chinanonwet ប្រធានគណៈកម្មាធិការត្រួតពិនិត្យជាតិអាល់កុលនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានមានប្រសាសន៍ថា « ការហាមឃាត់នេះអនុវត្តចំពោះអ្នកលក់រាយ និងអ្នកលក់ដុំទាំងអស់ដោយមិនគិតពីទំហំក្រុមហ៊ុន »។ គួរឱ្យដឹងផងដែរថា ច្បាប់នេះមិនមែនជាផែនការកាត់ផ្តាច់បណ្តាញលក់សម្រាប់អាជីវកម្មខ្នាតតូចដូចអ្វីដែលមនុស្សមួយចំនួនបានលើកឡើងនោះទេ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


