កសិករគំរូម្នាក់ក្នុងខេត្តសៀមរាប កំពុងប្រមូលផលដំណាំប៉េងប៉ោះប្រភទឆឺរី ដែលមានតម្រូវការទីផ្សារខ្ពស់ហើយតម្លៃល្អ ខណៈដែលដំណំាប្រភេទនេះប្រើប្រាស់ពេលវេលាដាំដុះប្រមាណ ៤៥ ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបាន។ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០នេះ លោកឈាវ ហុង អាយុ ៦២ឆ្នាំ ជាកសិករជោគជ័យម្នាក់ពីការដាំបន្លែសុវត្ថិភាពរស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្នលោកកំពុងប្រមូលផលដំណាំប៉េងប៉ោះប្រភេទ (ឆឺរី) ពូជមកពីតៃវ៉ាន់ដើម្បីលក់ទៅកាន់ទីផ្សារ ក្នុង ១ថ្ងៃ ជាមធ្យមអាចលក់បានប្រមាណ ២០គីឡូក្រាម ដោយ ១គីឡូក្រាម តម្លៃ ២០,០០០រៀល។
លោកបន្តថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោ ប៉ុន្តែបញ្ហាទីផ្សារមិនមានការប្រឈមឡើយ ព្រោះមានអតិថិជនបានស្គាល់ និងកម្មង់ទិញប៉េងប៉ោះរបស់លោកជារៀងរាល់ថ្ងៃ។ លោកបន្តថា ដំណាំប៉េងប៉ោះដែលកំពុងប្រមូលផលនេះបានដាំលើផ្ទៃដីជិត ៦០០ម៉ែត្រការ៉េ ប៉ុណ្ណោះតែអាចរកប្រាក់ចំណូល បានគួរសម។

លោកថា ដំណាំប៉េងប៉ោះនេះជាដំណាំមួយប្រភេទមិនងាយស្រួលក្នុងការដាំដុះនោះទេ ដោយមានបញ្ហា ប្រឈមច្រើនជាពិសេសចំពោះការថែទាំតែម្ដងបើសិនថែទាំបានល្អនឹងឆាប់ទទួលបានផល ដោយប្រើប្រាស់ពេលវេលាតែប្រមាណ ៤៥ថ្ងៃ ប៉ុណ្ណោះអាចប្រមូលផលបានហើយក្រោយពេលបណ្តុះគ្រាប់រួចបានចំនួន៣សប្តាហ៍។

កំពុងប្រមូលផល បើយើងចែកទៅក្នុងចន្លោះ ២០គីឡូក្រាម ក្នុងថ្ងៃជាមធ្យម ២០,០០០រៀល យើងលក់តាមប្រព័ន្ធអនឡាញយើងធានាគុណភាពសុវត្ថិភាព ពូជដែលត្រូវដាំមានច្រើនពូជបើដាំរាល់ថ្ងៃរបស់តៃវ៉ាន់។ ប៉េងប៉ោះមានអាយុកាលវែង និងខ្លីបើអាយុកាលខ្លីដែលខ្ញុំកំពុងដាំក្រោយពេលដាក់គ្រាប់តែ ៣សប្តាហ៍ មកយើងយកទៅដាំវាក្នុងចន្លោះ ៤៥ថ្ងៃ ទៅ ៥០ថ្ងៃ បើយើងបូកទាំង ២១ថ្ងៃ ទៀតចន្លោះ ៧០ថ្ងៃ។

គួរជម្រាបផងដែរថា លោកឈាវ ហុង ជាកសិករគំរូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ លោកបានចាប់យកមុខរបរដាំបន្លែគ្រប់ប្រភេទមានជីគ្រប់មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិត និងចិញ្ចឹមត្រីជាដើមអស់រយៈពេលប្រមាណ ២០ឆ្នាំ មកហើយ។

ពីមួយឆ្នាំទៅមួយឆ្នាំអាជីវកម្មនេះ មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដោយសារមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការ និងគម្រោងកម្មវិធីផ្សេងៗបានមកជួយជាបច្ចេកទេស និងសម្ភារចាំបាច់សម្រាប់ជំរុញឱ្យផលិតកម្មបន្លែសុវត្ថិភាព ការចិញ្ចឹមមាន់ ត្រី និងស្រូវពូជទទួលបានជោគជ័យ៕
ប្រភព៖ ក្រសួងព័ត៌មាន


