កសិករនៅខេត្តប៉ៃលិន ប្រើពេលតែមួយកើបបានទាំងផលមៀនប៉ៃលិន និងទឹកឃ្មុំ
អាជីវកម្ម December 1, 2020 Chan Sreyny

វិធីដាក់សំបុកមេឃ្មុំក្នុងចម្ការមៀនប៉ៃលិន ដើម្បីក្រេបលម្អងទៅបំពេញទឹកលើបង្គងត្រូវបានអនុវត្តប្រកបដោយជោគជ័យរបស់កសិករនៅខេត្តប៉ៃលិន។ កសិករដែលអនុវត្តវិធីសាស្រ្តកសិកម្មបែបនេះ អះអាងថា ក្នុងពេលដំណាលគ្នាបានទាំងទិន្នផលផ្លែមៀនខ្ពស់ និងទឹកឃ្មុំសុទ្ធល្អ និងមានគុណភាពខ្ពស់តាមបែបធម្មជាតិ។

លោក យុង យុទ្ធី អ្នកចិញ្ចឹមឃ្មុំនៅក្នុងចម្ការមៀនប៉ៃលិនស្ថិតក្នុងភូមិសាស្ត្រឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានឱ្យដឹងថា ក្នុងមួយរដូវមៀនផ្កាផ្លែគិតចាប់ពីខែមិថុនា ដល់ខែធ្នូ លោកអាចប្រមូលទឹកឃ្មុំបានក្នុងបរិមាណមួយខ្ពស់ ខណៈតម្លៃដែលត្រូវបានវេចខ្ចប់ក្នុងដបកែវត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនាម័យមានតម្លៃ ១០ម៉ឺនរៀលក្នុងមួយលីត្រ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសស្វែងយល់ពីសក្តានុពលទៅលើដំណាំមៀនប៉ៃលិនដែលរៀបចំឡើងដោយអង្គការ GRET នៅកម្ពុជានាចុងសប្តាហ៍នេះលោក យុង យុទ្ធី បានបញ្ជាក់ថា ការប្រមូលទឹកឃ្មុំរបស់លោកធ្វើឡើងនៅរៀងរាល់កន្លះខែម្តង ដោយក្នុងម្តងៗទទួលបានក្នុងបរិមាណ ១២០លីត្រ ក្នុងចំណោមសំបុកឃ្មុំចំនួនជាង ៥០សំបុក ដែលត្រូវបានដាក់រក្សាក្នុងចម្ការដើម្បីក្រេបយកជាតិស្ករពីលម្អងផ្កាមៀនប៉ៃលិន និងផ្កាព្រៃនៅទីនោះផ្សេងទៀត។

លោកបន្តរថា ការរក្សាមេពូជឃ្មុំនៅក្នុងចម្ការមៀនប៉ៃលិននេះមិនត្រឹមតែផ្តល់បរិមាណទឹកឃ្មុំខ្ពស់ប្រកបគុណភាពតាមធម្មជាតិនោះទេ ប៉ុន្តែវាក៏ជួយដល់ការបង្កើនទិនផលផ្លែមៀនផងដែរ។ លោកបញ្ជាក់ថា « បើយើងនិយាយពីគុណសម្បត្តិទៅលើរុក្ខជាតិ គឺវាជួយដល់ការបង្កើនអ័រម៉ូនដូចជាទៅលើផ្កាមៀន គឺជួយឱ្យផ្លែកាន់បានច្រើន និងល្អដោយយើងមិនបាច់ប្រើថ្នាំដើម្បីជំនួយដល់ផ្លែនោះឡើយ »។ លោកបន្តថា វិធីសាស្ត្រនេះត្រូវបានរូបលោកអនុវត្តរយៈពេល ២ ឆ្នាំមកហើយបន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញ។

លោក ជន ញ៉ន ដែលមានដើមមៀនប៉ៃលិនជាង ៣,០០០ដើម ស្ថិតក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវៅ ក្រុងប៉ៃលិនទទួលស្គាល់ថា ការប្រមូលផលផ្លែមៀនឆ្នាំនេះពិតជាបានទិន្នផលខ្ពស់មែន ដោយនៅក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២០នេះ ទទួលបានជាង ៣៥តោន ដែលខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ។ លោកបន្តរថា ទិន្នផលនេះអាចមកពីកត្តាធម្មជាតិ ទឹកស្រោចស្រព ការថែទាំ ការដាក់ជី និងអាយុកាលរបស់ដើមមៀនផងដែរ។

បើតាមឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលដកស្រង់បច្ចេកទេសពីលោកបណ្ឌិត គួយ ធាវី អតីតសាស្រ្តាចារ្យនៅរាជបណ្ឌិតសភាបានបង្ហាញថា ក្នុងចម្ការមៀនប៉ៃលិន ១ហិកតា អាចដាក់ធុងឃ្មុំបាន ១ ហើយក្នុងធុង ១ អាចដាក់បង្គងផ្លិតបាន ១០ ក្នុងខែមៀនប៉ៃលិនចេញផ្លាដោយផ្លិតឃ្មុំ ១ អាចផ្តល់ទឹកឃ្មុំ ១លីត្រ។

លោកបណ្ឌិត បានអំពាវនាវឱ្យម្ចាស់ចម្ការគួរចិញ្ចឹមឃ្មុំដើម្បីទាញយកប្រយោជន៍ពីទឹកឃ្មុំ និងបង្កើនផលិតកម្មមៀនប៉ៃលិនផងដែរ ដោយសារឃ្មុំជាភ្នាក់ងារបង្កាត់ពូជ។ ខេត្តប៉ៃលិន ជាខេត្តមួយមានសក្តានុពលខ្ពស់ក្នុងការផលិតទឹកឃ្មុំ ដោយសារខេត្តនេះមានចម្ការមៀនប៉ៃលិន និងដំណាំហូបផ្លែជាច្រើនដែលជាប្រភពផ្តល់លម្អងផ្កាសម្រាប់ឃ្មុំក្រេបយកជាតិស្ករ៕

ប្រភព៖ ក្រសួងព័ត៌មាន