ដោយសារវិបត្តិជំងឺកូវី-១៩ កសិករនៅខេត្តសៀមរាបងាកមកចាប់មុខរបរចិញ្ចឹមសត្វរុយលក់ គ្រាន់បានចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ
អាជីវកម្ម December 1, 2020 Khmernote

សៀមរាប៖ ដោយសារវិបត្តិជំងឺកូវី-១៩ កសិករនៅខេត្តសៀមរាបបានងាកមកចាប់មុខរបរចិញ្ចឹមសត្វរុយលក់ ដែលមុខរបរនេះ ទទួលបានប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ។ លោកម៉េង ទ្រី អាយុជាង ៥០ឆ្នាំ ជាអ្នកចិញ្ចឹមរុយ រស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មាន វិទ្យុជាតិកម្ពុជាថាៈលោកចាប់ផ្តើមមុខរបរចិញ្ចឹមសត្វរុយនេះ នៅក្នុងខែមេសា ឆ្នាំ២០២០នេះ ដោយទិញពូជពីប្រទេស វៀតណាមមក ។

ប្រភេទសត្វរុយចិញ្ចឹមនេះ មិនមែនជារុយកខ្វក់ ឬសត្វរុយដែលបងប្អូនធ្លាប់បានឃើញនោះទេ ប៉ុន្តែជាសត្វរុយមានប្រយោជន៍ ច្រើន ដើម្បីយកពងនិងដង្កូវរបស់វា សម្រាប់ជាចំណីឱ្យសត្វមាន់ ទា ត្រី បង្កង ត្រចៀកកាំ កង្កែបនិងប្រភេទត្រីសមុទ្រ ដទៃទៀត។ លោកបន្តថា៖ «ពងរុយ អាចលក់បាន១ខំា ក្នុងតម្លៃ៧០ដុល្លារ និងសត្វដង្កូវដែលជិតកើតទៅជាសត្វរុយ អាចលក់បាន ១គីឡូក្រាម ១០ដុល្លារ ដោយជាមធ្យមក្នុងមួយថ្ងៃ លោកអាចលក់ពងរុយបានចំនួន ២ទៅ ៣ខាំ »។

លោកបានឱ្យដឹងទៀតថា សត្វរុយជាប្រភេទសត្វដែលងាយស្រួល ក្នុងការចិញ្ចឹម និងឆាប់ទទួលបានផលបំផុត ដោយត្រូវប្រើពេលវេលាតែ១៥ថ្ងៃប៉ុណ្ណោះ អាចកើតជាពងរុយហើយ។ យ៉ាងណាមិញចំពោះអ្នកដែលចង់រៀនរបរចិញ្ចឹមរុយនេះ គឺលោកមិនយកលុយឡើយ ប៉ុន្តែអ្នកដែល ចង់រៀននោះ ត្រូវមានដើមទុនខ្លះសម្រាប់ទិញវត្ថុធាតុដើម ដូចជាពងរុយ និងសម្ភារចិញ្ចឹមរុយ។ អ្នកដែលរៀនហើយទិញពូជពីលោកទៅ គឺបានទទួលជោគជ័យច្រើន។

លោកម៉េង ទ្រី បានបន្ថែមទៀតថា មុខរបរចិញ្ចឹមរុយរបស់លោក អាចជួយលើកកម្ពស់ជីវភាពគ្រួសារបានល្អប្រសើរមួយកម្រិត និងអាចជួយដល់ប្រជាពលរដ្ឋដទៃទៀតឱ្យមានការងារធ្វើ តាមរយៈការជួយទិញបន្លែ ផ្លែឈើដែលជិតរលួយមិនអាចប្រើបាន មកលក់ក្នុងតម្លៃសមរម្យ៕

ប្រភព៖ ក្រសួងព័ត៌មាន