ប្រជែងគ្នាហើយ! រុស្ស៊ី ប្រកាសធ្វើឲ្យតម្លៃវ៉ាក់សាំង Covid-19 នៅក្រោម ១០ដុល្លារ និងគ្រោងផលិតឲ្យបាន ១ ពាន់លានដូសនៅឆ្នាំក្រោយ
អាជីវកម្ម November 26, 2020 Khmernote

ដោយទទួលដំណឹងពីការប្រកាសពីប្រសិទ្ធិភាពនៃវ៉ាក់សាំងការពារជំងឺ Covid-19 ពីក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើឱ្យតម្លៃវ៉ាក់សាំងទាបជាងគូប្រជែងរបស់ខ្លួន ហើយមានគោលបំណងផលិតវ៉ាក់សាំងឲ្យបាន ១ ពាន់លានដូសនៅឆ្នាំក្រោយ។​ យោងតាមការចុះផ្សាយដោយសារព័ត៌មាន cnbc តម្លៃវ៉ាក់សាំង Sputnik V ការពារជំងឺ Covid-19 របស់រុស្ស៊ី នឹងមានតម្លៃក្រោម ១០ ដុល្លារក្នុងមួយដូសសម្រាប់ទីផ្សារអន្តរជាតិ ដែលវ៉ា់ក់សាំងនេះ តម្រូវឲ្យចាក់ចំនួន ២ដង។

ប្រភពដដែលបានបន្តឲ្យដឹងថា នេះបង្ហាញឲ្យឃើញថា វ៉ាក់សាំងបង្ការ Covid-19 «Sputnik V» នឹងមានតម្លៃថោកជាងវ៉ាក់សាំងបរទេស ២ ដង ឬ ច្រើនដងដោយផ្អែកលើបច្ចេកវិទ្យា mRNA ដែលមានអត្រាប្រសិទ្ធភាពស្រដៀងគ្នា។ ជាមួយគ្នានេះដែរសម្រាប់ពលរដ្ឋរុស្ស៊ីការចាក់វ៉ាក់សាំងជាមួយ Sputnik V នឹងមិនគិតថ្លៃនោះទេ។ យ៉ាងណាមិញការប្រកាសរបស់រុស្ស៊ីនេះ ហាក់ដូចជាសំដៅទៅលើបេក្ខជនចាក់វ៉ាក់សាំងពី Pfizer-BioNTech និង Moderna ដែលត្រូវបានបង្កើតឡើងពី RNA ខណៈក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុនបានរាយការណ៍អំពីអត្រាប្រសិទ្ធភាពខ្ពស់នៃវ៉ាក់សាំងរបស់ពួកគេនៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយ។

ទន្ទឹមនឹងនេះដែរ វ៉ាក់សាំង Pfizer-BioNTech ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ២០ ដុល្លារក្នុងមួយដូស ខណៈពេលដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បាននិយាយកាលពី ២ ថ្ងៃមុនថា វ៉ាក់សាំងរបស់ខ្លួននឹងត្រូវចំណាយពី ២៥ ទៅ ៣៧ ដុល្លារក្នុងមួយដូសអាស្រ័យលើចំនួនដែលបានបញ្ជាទិញ ហើយសុទ្ធតែតម្រូវឲ្យចាក់ពីរដងដូចគ្នា។ លើសពីនេះការអត្ថាធិប្បាយពីប្រទេសរុស្ស៊ីក៏កើតឡើងមួយថ្ងៃបន្ទាប់ពីឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford បាននិយាយថាការវិភាគបណ្តោះអាសន្ននៃការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយបានរកឃើញថាវ៉ាក់សាំងរបស់ពួកគេ មានប្រសិទ្ធភាពខ្ពស់ ហើយវ៉ាក់សាំងរបស់ AstraZeneca ដែលតម្រូវឲ្យចាក់ពីរដងដូចគ្នា ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៣-៤ ដុល្លារក្នុងមួយដូស៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc