ត្រឹម ១ ត្រីមាសក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ម៉ាឡេស៊ីខាត់លុយដល់ទៅ ២០៨.៣៩ លានដុល្លារ
អាជីវកម្ម November 26, 2020 Chan Sreyny

ការបានខាតបង់ប្រាក់សុទ្ធសម្រាប់ត្រីមាសទី៣ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ម៉ាឡេស៊ី បានកើនឡើងបើធៀបនឹងឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃទ្រព្យសម្បត្តិ និងតម្រូវការធ្វើដំណើរទាប។ យោងតាមសារព័ត៌មានស៊ីនហួបានឱ្យដឹងថា AirAsia បានខាតបង់ប្រាក់សុទ្ធសម្រាប់រយៈពេល ៣ ខែគិតមកដល់ខែកញ្ញា មានចំនួន ៨៥១.៧៨ លានរីងហ្គីត (២០៨.៣៩ លានដុល្លារ) បើប្រៀបធៀបទៅនឹងការខាតបង់ចំនួន ៥១.៤៤ លានរីងហ្គីតកាលពីមួយឆ្នាំមុន។

ប្រាក់ចំណូលរបស់ AirAsia បានធ្លាក់ចុះ ៨៥.៦% ស្មើនឹង ៤៤២.៩១ លានរីងហ្គីតពី ៣.០៧ ពាន់លានរីងហ្គីត។ ក្នុងរយៈពេល ៩ ខែក្រុមហ៊ុន AirAsia Group បានខាតបង់ ២.៦៦ ពាន់លានរីងហ្គីតបើធៀបនឹងប្រាក់ចំណេញសុទ្ធ ៨០.៧២ លានរីងហ្គីតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលបានធ្លាក់ចុះ ៦៨.៤% ស្មើនឹង ២.៨៧ ពាន់លានរីងហ្គីត។

ទោះយ៉ាងណា ប្រធានក្រុមហ៊ុនអាកាសចរណ៍ AirAsia លោក Bo Lingam នៅតែបង្ហាញទំនុកចិត្តលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការជំនះឧបសគ្គទាំងនេះ និងបង្ហាញពីភាពរឹងមាំនៅឆ្នាំក្រោយ។ លោកបានមានប្រសាសន៍ថា « ខណៈពេលដែលក្រុមហ៊ុនសង្ឃឹមថាការបិទ និងការរឹតត្បិតព្រំដែននឹងត្រូវបានដកចេញក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនបានត្រៀមរក្សាប្រតិបត្តិការប្រកបដោយនិរន្តរភាព ដោយផ្អែកលើវិស័យក្នុងស្រុករហូតដល់ឆ្នាំ ២០២១ ប្រសិនបើការរឹតបន្តឹងនៅតែមាន »។

គួរឱ្យដឹងផងដែរថា AirAsia ក៏បានបង្កើត « travel bubbles » បន្ថែមទៀតក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលនឹងជំរុញប្រតិបត្តិការរបស់ខ្លួនដោយឈរជើងរឹងមាំ និងមានឥទ្ធិពលនៅក្នុងតំបន់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus