បើកវិញមិនទាន់ដំណើរការស្រួលបួលផង ឥឡូវ បារ និងភោជនីយដ្ឋានដែលមានបម្រើគ្រឿងស្រវឹងនៅក្រុងតូក្យូ នឹងត្រូវកាត់ម៉ោងដំណើរការរយៈពេល ៣ សប្ដាហ៍
អាជីវកម្ម November 25, 2020 Khmernote

រដ្ឋបាលក្រុងតូក្យូគ្រោងនឹងស្នើសុំបារ ភោជនីយដ្ឋានដែលមានបម្រើគ្រឿងស្រវឹង កាត់បន្ថយម៉ោងប្រតិបត្តិការរបស់ពួកគេប្រហែល ៣ សប្ដាហ៍ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ផ្ទួនៗក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីប្រភពដែលជិតដិតបំផុតទៅនឹងរដ្ឋបាលក្រុង ដែលសារព័ត៌មាន kyodonews ទទួលបាន។ ទោះបីជាយ៉ាងណាក្ដី ខាងរដ្ឋបាលក្រុងមិនទាន់បាន​ប្រកាសនូវឡើយទេ តែគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ដែលក្នុងនោះត្រូវបានគេរំពឹងថានឹងបង្ហាញពីវិធានការណ៍ថ្មីៗ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនូវករណីឆ្លងវីរុសនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារប្រទេសជប៉ុនបានរាយការណ៍ករណីឆ្លងថ្មីជាង ១,២០០ នៅទូទាំងប្រទេស ក្នុងនោះមនុស្សជាង ១៣ ម៉ឺននាក់បានធ្វើតេស្តិ៍វិជ្ជមានចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម ដោយចំនួនអ្នកស្លាប់មានលើសពី ២០០០ នាក់។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងបានលើកសំណើស្រដៀងគ្នាទៅនឹងសំណើដែលត្រូវបានអនុវត្តនៅទីក្រុងតូក្យូកាលពី ៦ខែមុន នៅពេលដែលរដ្ឋាភិបាលបានប្រកាសអាសន្នក្នុងប្រទេស។ យ៉ាងណាមិញ អាជីវកម្មដែលរងផលប៉ះពាល់ អាចនឹងត្រូវបានស្នើសុំឱ្យបិទនៅម៉ោង ១០យប់ ប្រហែលបីសប្តាហ៍ចាប់ផ្តើមពីថ្ងៃសៅរ៍នេះ រដ្ឋបាលទីក្រុងគ្រោងនឹងឧបត្ថម្ភធនសហគ្រាសដែលគោរពតាមផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews nhk