ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី៖ អ្នកដំណើរអន្តរជាតិត្រូវការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដើម្បីធ្វើការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន
អាជីវកម្ម November 24, 2020 Chan Sreyny

អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ ត្រូវការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ដើម្បីហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas ។ លោកបន្ថែមថា ច្បាប់នេះទំនងជាក្លាយជារឿងធម្មតានៅទូទាំងឧស្សាហកម្មទេសចរណ៍។ នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោក Alan Joyce បាននិយាយកាលពីថ្ងៃចន្ទ ទី ២៣ ខែវិច្ឆិកាថា « ក្រុមហ៊ុនដឹកជញ្ជូន Qantas នឹងអនុវត្តវិធានការណ៍នេះនៅពេលដែលវ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវបានផ្តល់ជូនសាធារណជន »។

លោកបានបន្តថា « យើងកំពុងពិនិត្យមើលការផ្លាស់ប្តូរលក្ខខណ្ឌរបស់យើង ដើម្បីប្រាប់អ្នកដំណើរអន្តរជាតិថា យើងនឹងស្នើសុំឱ្យប្រជាជនមានការចាក់វ៉ាក់សាំងមុនពេលពួកគេអាចឡើងយន្តហោះបាន »។ « មិនថាអ្នកត្រូវការវានៅក្នុងស្រុកទេ យើងនឹងត្រូវមើលថាតើមានអ្វីកើតឡើងជាមួយជំងឺ Covid-19 នៅក្នុងទីផ្សារ ប៉ុន្តែប្រាកដណាស់សម្រាប់ភ្ញៀវអន្តរជាតិ និងប្រជាជនដែលចាកចេញពីប្រទេសយើងគិតថាវាជាភាពចាំបាច់ »។

លោក Joyce បានព្យាករណ៍ថា ច្បាប់នេះទំនងជានឹងក្លាយជាការអនុវត្តតាមស្តង់ដារក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍នានានៅជុំវិញពិភពលោក ដោយរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍បច្ចុប្បន្នកំពុងពិចារណាលើការដាក់លិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិច។

ទន្ទឹមនឹងនេះ ព្រំដែនអន្តរជាតិរបស់អូស្ត្រាលីត្រូវបានបិទចាប់តាំងពីខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ដែលបានឆក់យកជីវិតមនុស្សជាង ១ លាននាក់នៅទូទាំងពិភពលោករួចទៅហើយ។ ប្រទេសនេះ ថែមទាំងបានកំនត់ចំនួនពលរដ្ឋរបស់ខ្លួនដែលត្រូវបានអនុញ្ញាតអោយវិលត្រឡប់មកវិញជារៀងរាល់សប្តាហ៍ ដោយធ្វើឱ្យប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ត្រូវជាប់គាំងនៅបរទេស។

នាយករដ្ឋមន្រ្តីអូស្ត្រាលីបាននិយាយថា ប្រទេសអូស្រ្តាលីកំពុងព្យាយាមបង្កើត “ travel bubbles ” ជាមួយប្រទេសដទៃទៀតដែលបានទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតនេះ។ ទោះយ៉ាងណា ប្រទេសអូស្ត្រាលីទំនងជាមិនបើកដំណើរការជាថ្មីម្តងទៀត ដល់អ្នកដំណើរអន្តរជាតិទេរហូតទាល់តែមានវ៉ាក់សាំង។

គួរឱ្យដឹងផងដែរថា ប្រទេសអូស្រ្តាលីបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ការឆ្លងជំងឺ Covid-19 ដោយមានករណីឆ្លងតែជាង ២៧,៨០០ ករណី និងមានអ្នកស្លាប់ ៩០៧ នាក់ចាប់តាំងពីការរាតត្បាតបានរីករាលដាល៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia