វិនិយោគិនសិង្ហបុរី ជាច្រើនចាប់អារម្មណ៍ក្នុងវិស័យសំណង់នៅកម្ពុជា ហើយសន្យាមកសិក្សាស្វែងយល់ ក្រោយកូវីដធូរស្បើយ
អចលនទ្រព្យ November 23, 2020 Khmernote

វិនិយោគិនសិង្ហបុរីជាច្រើននឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សាពីឱកាសវិនិយោគនៅក្នុងវិស័យសំណង់លំនៅដ្ឋាន និងអចលនទ្រព្យបន្ទាប់ពីស្ថានការណ៍នៃជំងឺកូវីដ-១៩ បានធូរស្បើយ។ ដំណឹងនេះត្រូវបានលើកឡើងដោយ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Michael Tan Keng Siong ក្នុងជំនួបលាគ្នាជាមួយនឹងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ។ នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតចប់អណត្តិបានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសង្កត់ធ្ងន់ថា មន្រ្តីស្ថានទូតគ្រប់លំដាប់ថ្នាក់មានមោទនភាពក្នុងការបំពេញបេសកកម្មនៅប្រទេសកម្ពុជា ដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងមានសេរីភាពក្នុងការធ្វើដំណើរ និងធ្វើការងារធម្មតា ខណៈប្រជាជននៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតស៊ូនឹងរោគរាតត្បាតនេះ។

ទន្ទឹមនឹងនេះលោក Michael Tan Keng Siong បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានគាំទ្រ និងសហការគ្នាដើម្បីទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោក។ ហើយជាកិច្ចឆ្លើយតបឯកឧត្តម ជា សុផារ៉ា បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានកោតសរសើរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងកាកបាទក្រហមសិង្ហបុរីដែលបានផ្តល់ជំនួយដល់កាកបាទក្រហមកម្ពុជាដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់កាលពីដើមខែតុលាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន