ក្រុមហ៊ុន CP All បានប្រកាសផ្អាកបើក 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ
អាជីវកម្ម November 23, 2020 Khmernote

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុកនៃហាងលក់ទំនិញ 7-Eleven បានប្រកាសផ្អាកផែនការរបស់ខ្លួន ក្នុងការបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ។ បើយោងតាមការចេញផ្សាយនៅលើសារព័ត៌មាន The National Thailand ការផ្អាកនេះ គឺដោយសារតែការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងប្រទេសទាំងពីរ។ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន CP All លោក Kriengchai Boonpoapichart បាននិយាយថា ក្រុមហ៊ុននឹងបន្តផែនការដាក់ឱ្យដំណើរការនៅពេលដែលស្ថានភាពផ្ទុះឡើងមានភាពប្រសើរឡើង។

គួររម្លឹកផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL បានរាយការណ៍ថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចុះកិច្ចសន្យាផ្ដាច់សិទ្ធធំ នាំយកយីហោ 7-Eleven ចូលក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន 7-Eleven Inc រួចរាល់ហើយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដោយនឹងបើកដំណើរការហាងចំនួន ៧ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសន្យា (កុងត្រា) បង្កើត និងប្រតិបត្តិការរយៈពេល ៣០ឆ្នាំ ហើយអាចបន្តកុងត្រា ២លើកទៀត។ ក្រៅពីកម្ពុជាកាលពីដើមឆ្នាំមុន CP ALL ក៏បានជូនដំណឹងដល់ផ្សារភាគហ៊ុនថៃថា ពួកគេកំពុងចរចា និងយល់ព្រមលើកិច្ចព្រមព្រៀងយីហោមេ (កិច្ចព្រមព្រៀង Franchise) ក្នុងការវិនិយោគដោយបង្កើតក្នុងប្រទេសឡាវផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand