ក្រោយប្រកាសពីវ៉ាក់សាំង Covid-19 មានប្រសិទ្ធិភាព ៩៥% ឥឡូវ Moderna ប្រកាសពីតម្លៃវ៉ាក់សាំងវិញម្ដង
អាជីវកម្ម November 23, 2020 Khmernote

លោក Stephane Bancel នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថ Moderna បានប្រាប់កាសែតអាល្លឺម៉ង់​ Welt am Sonntag (WamS) ថា ក្រុមហ៊ុន Moderna នឹងគិតថ្លៃលើវ៉ាក់សាំងរបសគេពីចន្លោះ ២៥ដុល្លារ ទៅ ៣៧ ដុល្លារ ក្នុងមួយដូសសម្រាប់រដ្ឋាភិបាល ទៅតាមចំនួនដែលបានបញ្ជាទិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន channelnewsasia កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ។ នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ ត្រូវបានគេស្រង់សំដីដោយនិយាយថា៖ « វ៉ាក់សាំងរបស់យើងមានតម្លៃប្រហាក់ប្រហែលនឹងការចាក់ថ្នាំបង្ការរោគដែលមានតម្លៃចន្លោះពី ១០ ដុល្លារទៅ ៥០ ដុល្លារ »។

គួរឲ្យដឹងផងដែរថា​ កាលពីថ្ងៃច័ន្ទ (១៦ វិច្ឆិកា) មន្ត្រីសហភាពអឺរ៉ុបដែលចូលរួមក្នុងកិច្ចពិភាក្សានេះបាននិយាយថា គណៈកម្មការអឺរ៉ុបចង់ឈានដល់កិច្ចព្រមព្រៀងជាមួយ Moderna សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនរាប់លានដូសក្នុងតម្លៃក្រោម ២៥ ដុល្លារអាមេរិកក្នុងមួយដូស។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក Bancel បានប្រាប់ WamS ថា៖ « មិនទាន់មានអ្វីត្រូវបានចុះហត្ថលេខានៅឡើយទេ ប៉ុន្តែយើងខិតជិតកិច្ចព្រមព្រៀងជាមួយគណៈកម្មការសហគមន៍អឺរ៉ុប។ យើងចង់បញ្ជូនទៅអឺរ៉ុប និងកំពុងពិភាក្សាប្រកបដោយភាពរលូន និងបានត្រៀមខ្លួនរួចជាស្រេច »។

សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនមានប្រសិទ្ធិភាព ៩៤.៥% ក្នុងការការពារជំងឺ Covid-19 ដោយផ្អែកលើទិន្នន័យបណ្តោះអាសន្នពីការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ដោយ Moderna ក្លាយជាអ្នកអភិវឌ្ឍន៍ទី ២ ដែលរាយការណ៍លទ្ធផលដែលហួសពីការរំពឹងទុកបន្ទាប់ពី Pfizer និងដៃគូ BioNTech៕

អត្ថបទ៖​ លីនី
ប្រភព៖ channelnewsasia