សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ត្រូវការជំនួយ ៨០ លានដុល្លារបន្ថែមដើម្បីបន្តអាជីវកម្មទៅមុខទៀត
អាជីវកម្ម November 21, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ ត្រូវការទឹកប្រាក់រហូតដល់ ៨០ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបន្តអាជីវកម្ម នេះបើយោងតាមប្រធានសមាគមពាណិជ្ជកម្មនៃឧស្សាហកម្មទេសចរណ៍។ ប្រធានសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) លោក Alexandre de Juniac បាននិយាយថា « សម្រាប់ប៉ុន្មានខែខាងមុខនេះ ឧស្សាហកម្មទេសចរណ៍ត្រូវបានគេប៉ាន់ប្រមាណថាត្រូវការជំនួយពី ៧០ ទៅ ៨០ ពាន់លានដុល្លារអាមេរិក បើមិនដូច្នោះទេពួកគេនឹងមិនអាចបន្តអាជីវកម្មទៀតបានទេ »។

ក្រុមហ៊ុនអាកាសចរណ៍ គឺជាវិស័យមួយដែលរងគ្រោះខ្លាំងបំផុតដោយវិធានការណ៍នានា ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលដើម្បីបន្ថយការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែពួកគេក៏បានទទួលជំនួយប្រមាណ ១៦០ ពាន់លានដុល្លារផងដែរ។ លោក de Juniac បន្តថា « វិបត្តិកាន់តែយូរនោះហានិភ័យនៃការក្ស័យធនកាន់តែច្រើន »។ លោកបន្ថែមថា « ក្រុមហ៊ុនអាកាសចរណ៍ជិត ៤០ កំពុងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ឬស្ថិតក្រោមការការពារ ឬក្ស័យធន »។

ការរឹតត្បិតក្នុងការធ្វើដំណើរ ក្នុងរលកដំបូងនៃវិបត្តិជំងឺ Covid-19 បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនចុះចតស្ទើរតែទាំងស្រុងនូវកងនាវារបស់ពួកគេ។ រដ្ឋាភិបាលជាច្រើន បានឈានជើងចូលជាមួយនឹងទម្រង់ផ្សេងៗនៃជំនួយដូចជា៖ ប្រាក់កម្ចី ការចាក់បញ្ចូលសាច់ប្រាក់ និងការគាំទ្រដល់កម្មករ។

ខណៈពេលដែលចរាចរណ៍តាមផ្លូវអាកាស បានកើនឡើងដោយសារការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ វាក៏បានចាប់ផ្តើមថយចុះម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលការរីករាលដាលនៃជំងឺរាតត្បាតបានកើនឡើងនៅក្នុងប្រទេសជាច្រើន។ IATA រំពឹងថា ចរាចរណ៍នឹងធ្លាក់ចុះ ៦៦% ក្នុងឆ្នាំ ២០២០ ។

IATA ជឿជាក់ថា ចរាចរណ៍តាមផ្លូវអាកាសនឹងមិនវិលត្រឡប់ទៅដូចកម្រិតឆ្នាំ ២០១៩ របស់ខ្លួនទេរហូតដល់ឆ្នាំ ២០២៤ ដោយការប៉ាន់ស្មាននេះ ផ្អែកលើការរំពឹងទុកនៃវ៉ាក់សាំងដែលអាចរកបាននៅពាក់កណ្តាលឆ្នាំ ២០២១ ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia