ក្រុមហ៊ុនផលិតឱសថ Pfizer ដាក់ពាក្យសុំការប្រើវ៉ាក់សាំងការពារជំងឺ Covid-19 ជាបន្ទាន់នៅសហរដ្ឋអាមេរិក ខណៈពេលដែលកំពុងត្រៀមខ្លួនដាក់ពាក្យស្នើសុំក្នុងប្រទេសដទៃទៀត
អាជីវកម្ម November 21, 2020 Chan Sreyny

ក្រុមហ៊ុនផលិតឱសថដ៏ធំ Pfizer បានក្លាយជាក្រុមហ៊ុនដំបូងបង្អស់របស់សហរដ្ឋអាមេរិក ដែលបានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារជំងឺរាតត្បាត Covid-19 ដែលជាជំហានដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ Pfizer បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រសិនបើត្រូវបានអនុញ្ញាតិដោយនិយ័តករសហរដ្ឋអាមេរិកវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech SE អាចត្រូវបានប្រើទៅលើប្រជាជនដែលមានហានិភ័យខ្ពស់នៅសហរដ្ឋអាមេរិកនៅចុងខែធ្នូ។

Pfizer ក៏កំពុងឆ្ពោះទៅរកការដាក់ពាក្យសុំការអនុញ្ញាតនៅប្រទេសមួយចំនួនរួមមាន៖ អូស្រ្តាលីអង់គ្លេស កាណាដា និងជប៉ុន។ ពួកគេរំពឹងថា នឹងផលិតវ៉ាក់សាំងជាសកលរហូតដល់ ៥០ លានដូសនៅឆ្នាំ ២០២០ និងរហូតដល់ ១.៣ ពាន់លានដូសនៅចុងឆ្នាំ ២០២១។ ពួកគេបាននិយាយថា ពួកគេនឹងត្រៀមចែកចាយវ៉ាក់សាំងនេះក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានការអនុញ្ញាត។

ការវិវឌ្ឍន៍ចុងក្រោយ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី Pfizer និង BioNTech បានប្រកាសថាការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយរបស់ពួកគេបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩៥% ប្រឆាំងនឹងជំងឺ Covid-19 ។ ពួកគេបាននិយាយថា រហូតមកដល់ពេលនេះមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរទេ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតឱសថ Moderna ក៏ត្រូវបានគេជឿជាក់ថាកំពុងស្ថិតត្រៀមដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់ បន្ទាប់ពីបានប្រកាសថា វ៉ាក់សាំងពិសោធន៏របស់ខ្លួនមានប្រសិទ្ធភាព ៩៤.៥% ក្នុងការការពារជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា ការរកឃើញជោគជ័យជាបន្តបន្ទាប់កំពុងបង្កើនក្តីសង្ឃឹមឆ្ពោះទៅរករបកគំឃើញមួយ ក្នុងការប្រយុទ្ធជាសកលពេញមួយឆ្នាំប្រឆាំងនឹងជំងឺរាតត្បាតនេះ ដែលបានធ្វើឱ្យមនុស្សជាង ១.៣ លាននាក់ស្លាប់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews