ក្រោយប្រកាសក្ស័យ​ធន AirAsia Japan ក៏ប្រកាសផងដែរថា ខ្លួនមិនមានលទ្ធភាពក្នុងការសងប្រាក់ថ្លៃសំបុត្រយន្តហោះដល់អតិថិជនវិញឡើយ
អាជីវកម្ម November 20, 2020 Khmernote

ក្រុមមេធាវីអាកាសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group របស់ប្រទេសជប៉ុនបានឲ្យដឹងថា បន្ទាប៉ពីប្រកាសក្ស័យធនកាលពីដើមសប្ដាហ៍នេះមក ក្រុមហ៊ុនអាកាសចរណ៍នេះមិនមានលទ្ធភាពក្នុងការសងប្រាក់ថ្លៃសំបុត្រយន្តហោះដល់អតិថិជនដែលមានចំនួន ២៣,០០០ សន្លឹកវិញទេ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា បំណុលសរុបរបស់ខ្លួនមានចំនួន ២១.៧ ពាន់លានយ៉េន (២០៨ លានដុល្លារ) ខណៈតម្លៃសំបុត្រសរុបដែលមិនទាន់ត្រូវសងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥២០ លានយ៉េន រួមទាំងសំបុត្រដែលបានទិញតាមរយៈទីភ្នាក់ងារទេសចរណ៍។

លោក Tamotsu Ueno មេធាវីដែលត្រូវបានតែងតាំងដោយតុលាការដោះស្រាយការការពារក្រុមហ៊ុនពីម្ចាស់បំណុលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការសងប្រាក់វិញ គឺមិនអាចទៅរួចទេសម្រាប់សំបុត្រប្រហែល ២៣,០០០ សន្លឹកដែលបានទិញដោយផ្ទាល់ពីក្រុមហ៊ុន AirAsia Japan ។ លោកបានបន្តថា ក្រុមហ៊ុន AirAsia Japan នឹងស្នើសុំម្ចាស់ភាគហ៊ុនរួមទាំងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច Rakuten Inc សម្រាប់ជំនួយលើប្រាក់សំណងដែលនៅសល់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AirAsia Japan ដែលមានមូលដ្ឋាននៅ Tokoname ខេត្ត Aichi បាននិយាយកាលពីខែតុលាថា ខ្លួននឹងបញ្ចប់រាល់ជើងហោះហើរដែលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Chubu Centrair ក្នុងខេត្តជាមួយទីក្រុង Sapporo, Sendai និង Fukuoka ក៏ដូចជាទីក្រុង Taipei នៅថ្ងៃទី ៥ ខែធ្នូ បន្ទាប់ពីបានប្រកាសក្ស័យធនកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ ក្នុងការស្វែងរកការការពារពីម្ចាស់បំណុលក្រុមហ៊ុន AirAsia Japan Co ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលប្រតិបត្តិការនៅប្រទេសជប៉ុនដែលក្ស័យធនដោយសារតែជំងឺរាតត្បាតនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews