កសិករប្រមាណជា ១០០ គ្រួសារក្នុងខេត្តសៀមរាប ចាប់យករបរដាំខ្ទឹមសន្លឹកលក់អស់ ២០ឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារជៀសវាងការចំណាកស្រុក
អាជីវកម្ម November 20, 2020 Khmernote

កសិករប្រមាណជា ១០០គ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានប្រកបរបរដាំខ្ទឹមសន្លឹកលក់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងអាចរកប្រាក់ចំណូលបានគួរសម ដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ។ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន អ្នកស្រី ជឿន គឹមស៊ិប អាយុ ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងបានលើកឡើងថា អ្នកស្រីប្រកបរបរដាំខ្ទឹមនេះ រយៈពេលប្រមាណជា ២០ឆ្នាំមកហើយ ដោយក្នុងមួយខែអាចរកចំណូលបានគិតជាមធ្យមប្រមាណ ជាង ៣លានរៀល ដែលធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក​ស្រីបន្តថា​៖ « ផ្ទៃដីដាំខ្ទឹមរបស់ខ្ញុំមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ បើខែវស្សា ១ខែ ឬ ២៨ថ្ងៃអាចប្រមូលផលបាន បើខែប្រាំង ១ខែ១០ថ្ងៃ ឬមួយខែប្រមូលម្តង ផ្ទៃដីនេះខែខ្លះប្រមូលបាន៥០០គីឡូ ហើយខែដែលកំពុងដកនេះលក់បានក្នុងមួយគីឡូបាន ៨៥០០៛ បើជាមធ្យមទាំងប្រាំងទាំងវស្សាបាន៤០០០៛។ អង្គការក្រៅរដ្ឋាភិបាលគាត់ចុះមកញឹកញាប់ ហើយអាជ្ញាធរគាត់ណែនាំ ឱ្យយើងដាំដុះកុំចំណាកស្រុក បើអចិន្ត្រៃយើងប្រើជីធម្មជាតិដូចជា អាចម៍គោ តែបើជីគីមីយើងប្រើបន្ទាប់បន្សំ បានស្ថានភាពខ្ទឹមរបស់យើង»។

យ៉ាងណាមិញ លោកស្រីបានបញ្ជាក់ថាចំពោះការដាំដុះវិញ ភាគច្រើនប្រើប្រាស់តែជីធម្មជាតិប៉ុណ្ណោះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ។ លោកសាន្ត សំណាង អនុប្រធានសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ក រស្មីស្ត្រីសាមគ្គី បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋ ចង់ដាំដំណាំ ផ្គត់ផ្គង់ទៅកាន់ទីផ្សារដោយមិនមានការកកស្ទះ និងមិនភ័យព្រួយរឿងឈ្មួញទម្លាក់តម្លៃនោះសូមធ្វើការចងក្រង ជាសហគមន៍ ដើម្បីដាំដំណាំរបស់ខ្លួន។

លោក​បញ្ជាក់ថា​៖ « ទាក់ទងនឹងការធ្វើរបស់កសិករ បើគាត់ផលិតដំណាំបន្លែផ្សេងៗ សុំឱ្យគាត់ចូលរួមជាក្រុមផលិត ចងក្រងជា សហគមន៍ផលិត ដើម្បីនាំផលិតផលហ្នឹងទៅកាន់ទីផ្សារ ហើយមួយទៀតកាលណាយើងមានក្រុមផលិត ខាងទីផ្សារ ងាយស្រួលប្រមូលទិញ។ សូមបញ្ជាក់ថា អ្នកស្រីជឿន គឹមស៊ិប ជាសមាជិកសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ករស្មីស្ត្រីសាមគ្គី ដោយសហគមន៍បាន បង្កើតឡើងកាលពីឆ្នាំ២០១៤ មានប្រជាពលរដ្ឋចូលសមាជិកជិត៣ពាន់គ្រួសារ បានរួមគ្នាធ្វើការដាំដុះដំណាំវិលជុំសម្រាប់ ផ្គត់ផ្គង់តម្រូវការទីផ្សារ៕

ប្រភព៖ ក្រសួងព័ត៌មាន