យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 MAX ត្រូវបានអនុញ្ញាតឲ្យហោះហើរឡើងវិញ ក្រោយត្រូវផ្អាកដោយសារការធ្លាក់ផ្ទួនៗ
អាជីវកម្ម November 19, 2020 Khmernote

យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 MAX ត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការហោះហើរឡើងវិញ ក្រោយត្រូវផ្អាកបន្ទាប់ពីជួបឧប្បត្តិហេតុធ្លាក់យន្តហោះចំនួនពីរ ២ដងនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៨ និងនៅប្រទេសអេត្យូពីនៅឆ្នាំ ២០១៩ បានសម្លាប់មនុស្សចំនួន ៣៤១ នាក់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកបានប្រកាសដកបម្រាមហោះហើរទូទាំងពិភពលោកលើយន្ដហោះដឹកអ្នកដំណើរ Boeing 737 MAX បន្ទាប់ពីខ្លួនបានធ្វើការហាមឃាត់ក្រោយការធ្លាក់ផ្ទួនៗគ្នា។

ប្រភពដដែលបានបន្តឲ្យដឹងថា របាយការណ៍របស់សភាអាមេរិកបានកត់សម្គាល់ថា ក្រុមហ៊ុនប៊ូអ៊ីងបានប្រញាប់ប្រញាល់អភិវឌ្ឍយន្តហោះ 737 MAX ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងអ៊ឺរ៉ុបរបស់ខ្លួនគឺ Airbus ។ របាយការណ៍ដដែលក៏បានចង្អុលបង្ហាញអំពីប្រព័ន្ធសុវត្ថិភាពដែលមានកំហុសដើម្បីវាស់ស្ទង់ទីតាំងជ្រុង ក៏ដូចជាការត្រួតពិនិត្យមិនគ្រប់គ្រាន់ដោយ FAA ហើយ FAA កាលពីថ្ងៃពុធបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យមានការបន្តជើងហោះហើរលើយន្តហោះ 737 MAX ឡើងវិញ។

លោក Steve Dickson អ្នកគ្រប់គ្រងបានសង្កត់ធ្ងន់ថា គាត់មានទំនុកចិត្ត ១០០% ចំពោះសុវត្ថិភាពរបស់យន្ដហោះ ហើយបាននិយាយថា គាត់នឹងឲ្យគ្រួសាររបស់គាត់ជិះនៅលើយន្តហោះ 737 MAX នេះដោយផ្ទាល់។ ខណៈការហោះហើរទំនងជានឹងត្រូវបន្តឡើងវិញនៅមុនដំណាច់ឆ្នាំនេះ ប៉ុន្តែតម្រូវការយន្តហោះបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការរីករាលដាលនៃវីរុស Covid-19។

នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក David Calhoun បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ « ក្រុមហ៊ុនមិនដែលភ្លេចពីជីវិតដែលបានបាត់បង់នៅក្នុងឧបទ្ទវហេតុសោកនាដកម្មទាំងពីរនោះទេ »។ លោកបានបញ្ជាក់ជាថ្មីម្តងទៀតថាព្រឹត្តិការណ៍នានាបានផ្លាស់ប្តូរក្រុមហ៊ុន ហើយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើគុណតម្លៃ សុវត្ថិភាព គុណភាព និងភាពស្មោះត្រង់។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍យក្សរបស់អាមេរិកមួយនេះ បាននិងកំពុងតស៊ូយ៉ាងខ្លាំងចាប់តាំងពីយន្តហោះដឹកអ្នកដំណើរ 737 MAX ត្រូវបានធ្លាក់ និងផ្អាក ហើយជំងឺរាតត្បាតដែលឆ្លងរាលដាលបានបង្កបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនបានកាត់បន្ថយកម្លាំងពលកម្មយ៉ាងច្រើននៅឆ្នាំនេះ បន្ទាប់ពីទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាត៕

អត្ថបទ៖ លីនី
ប្រភព៖ nhk