តម្រូវការស្ករត្នោត ដែលផលិតនៅខេត្តកំពង់ស្ពឺកំពុងកើនឡើងនៅក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក
អាជីវកម្ម November 19, 2020 Chan Sreyny

តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺ ក្រោមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ កំពុងកើនឡើងនៅក្នុងទីផ្សារក្នុងស្រុក និងបរទេសព្រោះសមាគមកំពុងទទួលបានទីផ្សារបន្ថែមនៅប្រទេសឥណ្ឌា។ លោក សម សារឿន ប្រធានសមាគមបានឱ្យដឹងថា បរិមាណស្ករត្នោតដែលបាននាំចេញនៅរដូវក្រោយនឹងខ្ពស់ជាងនេះ ព្រោះទីផ្សារថ្មីគឺឥណ្ឌា ទើបដាក់ការបញ្ជាទិញ ១០០តោន។

ដោយមានសមាជិក ១៧០ នាក់សមាគមអាចផលិតស្ករត្នោតបានប្រហែល ២៥០តោន ក្នុងមួយរដូវដោយចាប់ផ្តើមពីខែធ្នូ ដល់ខែឧសភា។ លោកបន្តថា ស្ករត្នោតពាក់កណ្តាលពីសមាគមគឺសម្រាប់នាំចេញ។ លោកបន្ថែមថា ស្ករត្នោតទទួលបានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបដូចជា បារាំងនាំចូលស្ករត្នោត ២០តោន ជារៀងរាល់ឆ្នាំពីសមាគម។

ស្ករត្នោតកំពង់ស្ពឺផលិតនៅស្រុកចំនួន ៣ គឺ ២ នៅខេត្តកំពង់ស្ពឺ និងមួយនៅខេត្តកណ្តាលត្រូវបានចុះបញ្ជីជាផលិតផលការពារដោយសហគមន៍អ៊ឺរ៉ុបកាលពីខែមេសា ឆ្នាំ ២០១៩ ។ វាជាផលិតផលកម្ពុជាទី២ ដែលទទួលបានវិញ្ញាបនបត្រ GI បន្ទាប់ពីម្រេចកំពតបានចុះបញ្ជីកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ ។

បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រ GI តម្លៃស្ករត្នោតបានកើនឡើង ៣ ដងដល់ ៦,០០០រៀល ទៅ ៧,០០០រៀលក្នុង ១គីឡូក្រាម ពី ២,០០០រៀល ទៅ ២,៥០០រៀល។ គួរឱ្យដឹងផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុននាំស្ករត្នោតចំនួន ១០ ដែលដឹកជញ្ជូនផលិតផលទៅ ២០ ប្រទេស។ ទិសដៅសំខាន់គឺ ជប៉ុន តៃវ៉ាន់ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប៕

ប្រភព៖ ក្រសួងព័ត៌មាន