ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ កំពុងត្រៀមខ្លួនក្នុងការដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺ Covid-19
អាជីវកម្ម November 18, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន កំពុងត្រៀមខ្លួនដើម្បីរៀបចំកន្លែងដឹកជញ្ជូន និងស្តុកទុកក្នុងសីតុណ្ហភាពត្រជាក់បំផុត ដើម្បីដឹកវ៉ាក់សាំងការពារជំងឺ Covid-19 ដែលបង្កើតដោយ Pfizer និង Moderna ដោយកម្រិតថ្នាំរបស់ពួកគេត្រូវការទុកក្នុងកន្លែងត្រជាក់ខ្លាំង នឹងទំនងជាស្ថិតក្នុងចំណោមវ៉ាក់សាំងដំបូងគេដែលត្រូវបានចែកចាយ។

ការស្ទង់មតិនាពេលថ្មីៗនេះ ដោយសមាគមដឹកទំនិញតាមអាកាស និងក្រុមអ្នកដឹកជញ្ជូនថ្នាំបានរកឃើញថា មានតែអ្នកចូលរួមចំនួន ១៥% ប៉ុណ្ណោះដែលបានត្រៀមដឹកទំនិញនៅសីត្ហភាព ៧០ អង្សាសេ (-៩៤°F) ដែលតម្រូវតាមវ៉ាក់សាំងរបស់ Pfizer ខណៈពេលដែលប្រហែល ៦០% អាចទុកបានដល់ទៅ -២០ អង្សាសេតាមតម្រូវការរបស់ Moderna ។

ជាធម្មតាក្រុមហ៊ុនអាកាសចរណ៍ ប្រើកុងតឺន័រដែលមានសំភារៈត្រជាក់ដូចជាទឹកកកស្ងួត ដើម្បីដឹកជញ្ជូនផលិតផលឱសថ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ខ្លះមិនមានការគ្រប់គ្រងសីតុណ្ហភាពធ្វើឱ្យផលិតផលងាយនឹងខូចគុណភាព ដែលមិនបានមើលឃើញទុកជាមុនដូចជាការពន្យាពេលហោះហើរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូងបាននិយាយថា « ដោយមានកិច្ចសន្យាផ្ទាល់ជាមួយក្រុមហ៊ុនផលិតកុងតឺន័រគ្រប់គ្រងសីតុណ្ហភាព ៥ ក្រុមហ៊ុន Korean Air បានធានាបរិមាណធុងគ្រប់គ្រាន់។ សម្រាប់ពេលនេះ យើងកំពុងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតកុងតឺន័រផ្សេងទៀត »។

ក្រុមហ៊ុនអាកាសចរណ៍ Air France-KLM របស់បារាំងបាននិយាយថា « ខ្លួនកំពុងត្រៀមសម្រាប់ការសាកល្បងជាមួយក្រុមហ៊ុនផលិតឱសថមួយ ដោយត្រូវបានដឹកជញ្ជូននៅសីតុណ្ហភាពទាបបំផុតដែលទំនងជាឆ្លងកាត់អាកាសយានដ្ឋាន Schiphol របស់ Amsterdam »។

ទន្ទឹមនឹងនេះ Pfizer ដែលកំពុងធ្វើការជាមួយ DHL, FedEx Corp និង United Parcel Service Inc សម្រាប់ចែកចាយវ៉ាក់សាំងនៅសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាថា ខ្លួនបានដាក់ចេញនូវកម្មវិធីចែកចាយសាកល្បងនៅក្នុងរដ្ឋចំនួន ៤ ដើម្បីជួយកែលម្អផែនការដឹកជញ្ជូនទូទាំងប្រទេស និងទូទាំងពិភពលោក។

Pfizer ក៏បានបង្កើតប្រអប់ដែលអាចគ្រប់គ្រងសីតុណ្ហភាព និងប្រើប្រព័ន្ធ GPS ដែលប្រើទឹកកកស្ងួតដើម្បីរក្សាវ៉ាក់សាំងរបស់ខ្លួននៅសីតុណ្ហភាព -៧០ អង្សាសេរហូតដល់ ១០ ថ្ងៃ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍បានពឹងផ្អែកកាន់តែខ្លាំងលើការដឹកជញ្ជូនទំនិញសម្រាប់ប្រាក់ចំណូលនៅឆ្នាំនេះ ដោយសារចំនួនអ្នកដំណើរបានធ្លាក់ចុះនៅពេលមានការរឹតត្បិតលើការធ្វើដំណើរទាក់ទងនឹងជំងឺ Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia