បទប្បញ្ញត្តិថ្មី អ្នកបើកបរតាក់ស៊ីនៅថៃ អាចគិតថ្លៃបន្ថែមទៅលើអ្នកដំណើរ សម្រាប់ឥវ៉ាន់ធំៗចាប់ពីពេលនេះតទៅ
អាជីវកម្ម November 18, 2020 Khmernote

អ្នកបើកតាក់ស៊ីនៅក្នុងទីក្រុងបាងកកបច្ចុប្បន្ននេះ ត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមគិតថ្លៃបន្ថែមលើអ្នកដំណើរសម្រាប់ឥវ៉ាន់ធំៗ ដោយគិតចាប់ពីតម្លៃ ២០ ដល់ ១០០ បាត (ប្រហែលពី ០.៦០ដុល្លារ ដល់ ៣.៣០ ដុល្លារ) ក្នុងមួយកញ្ចប់។ យោងតាមបទប្បញ្ញត្តិថ្មីអ្នកបើកបរតាក់ស៊ី ត្រូវប្រាប់អ្នកដំណើរអំពីថ្លៃដើមបន្ថែមមុនពេលជិះ នេះ​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Thaiger កាលពីពេលថ្មីៗនេះ។ សម្រាប់កញ្ចប់ឥវ៉ាន់ ឬ កាបូបធំៗដែលមានទំហំចាប់ពី ២៦អ៉ីញ នឹងត្រូវគិតថ្លៃបន្ថែមចំនួន ២០បាត (ប្រហែល ០.៦០សេន) ហើយទំហំដែលលើសពី ៥០ អ៉ីញនឹងត្រូវគិតថ្លៃ១០០ បាត (ប្រហែល ៣.៣០ ដុល្លារ)។

ជាមួយគ្នានេះ របស់របរធំៗ ផ្សេងទៀតដូចជា ឧបករណ៍កីឡា កង់ បន្ទះក្តារជិះ រឺឧបករណ៍តន្រ្តី នឹងត្រូវគិតថ្លៃបន្ថែមមិនលើសពី ១០០ បាតឡើយ ហើយប្រសិនបើទំនិញចំនួន ២មុខដំបូងត្រូវបានគិតថ្លៃ កាបូបបន្ថែមត្រូវគិតថ្លៃតែ ២០បាតប៉ុណ្ណោះ។ ដោយឡែកក្រសួងដឹកជញ្ជូនបាននិយាយថា ប្រជាជននឹងមិនត្រូវបានគិតថ្លៃបន្ថែមសម្រាប់ឧបករណ៍ពិការដូចជារទេះរុញ និងដំបងដើរ ហើយអ្នកដំណើរក៏នឹងមិនត្រូវបានគិតថ្លៃបន្ថែមលើរបស់របរផ្ទាល់ខ្លួនតូចៗដូចជា កាបូបដៃ កាបូបកុំព្យូទ័រ ឬ កាបូបស្ពាយជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger