ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបន្ថែមបំណុលកាន់តែច្រើនថែមទៀតលើការខាតបង់ក្នុងមួយទសវត្សចុងក្រោយនេះ ដោយនៅពេលនេះបំណុលក្រុមហ៊ុនអាកាសចរណ៍ជាតិ ខ្ពស់ជាងបំណុលឆ្នាំមុន ៤ ដង។ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបការលំបាករួចទៅហើយ ត្រូវបានបើកដំណើរការផ្នែកខ្លះតាំងពីចុងខែមីនា ហើយនៅចុងសប្តាហ៍មុនក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានដាក់យន្ដហោះចាស់របស់ខ្លួនចំនួន ៣៤ គ្រឿងសម្រាប់លក់ និងនិយោជិកចំនួន ៥,០០០ នាក់ក៏ត្រូវបានផ្តល់ជូននូវការចូលនិវត្តមុនកាលកំណត់នៅក្រោមផែនការស្តារនីតិសម្បទានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនក៏កំពុងលក់គ្រឿងបន្លាស់ និងរបស់របរផ្សេងៗទៀតនៅក្នុងឃ្លាំង ក៏ដូចជាការជួលផ្នែកខ្លះនៃការិយាល័យរបស់ខ្លួនដើម្បីសន្សំសំចៃថ្លៃដើម។
ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron និយាយថា ការខាតបង់សុទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងត្រីមាសទី៣ រហូតដល់ចុងខែកញ្ញា ឆ្នាំនេះមានចំនួន ២១.៥ ពាន់លានបាត (ប្រមាណ ៧១០ លានដុល្លារ)។ ខណៈនៅត្រីមាសទី៣ ក្នុងឆ្នាំ២០១៩ បំណុលមានចំនួន ៤.៦៨ ពាន់លានបាត ដោយចំនួនអ្នកដំណើរបានធ្លាក់ចុះ ៩២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឧស្សាហកម្មអាកាសចរណ៍ ដែលជាឧស្សាហកម្មមួយរួមជាមួយគ្រប់វិស័យផ្សេងទៀតនៅក្នុងឧស្សាហកម្មទេសចរណ៍ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតរាលដាល។ វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសថៃ ដែលមានប្រហែល ២០% ដោយផ្ទាល់ ឬ ដោយប្រយោលដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ។ ជាមួយគ្នានេះដែរ ផ្សារហ៊ុនថៃបានផ្អាកការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways កាលពីថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីសវនករបានបដិសេធមិនធ្វើអត្ថាធិប្បាយលើតារាងតុល្យការរបស់ខ្លួនរហូតដល់ចុងខែមុន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ទោះបីជាយ៉ាងនេះក្ដី ក្រុមហ៊ុនអាកាសចរណ៍ជាតិដែលកំពុងជាប់គាំងនៅតែស្ថិតក្រោម “ការស្តារនីតិសម្បទាហិរញ្ញវត្ថុ” ដែលត្រូវបានអនុម័តដោយតុលាការក្ស័យធនរបស់ប្រទេសថៃ។ ក្រុមហ៊ុនអាកាសចរណ៍ថៃបានបាត់បង់ឋានៈជាសហគ្រាសរដ្ឋបន្ទាប់ពីបានរាយការណ៍អំពីបំណុលដ៏ច្រើន និងបានដាក់ពាក្យសុំថវិកាសង្គ្រោះពីរដ្ឋាភិបាលថៃ។ នៅពេលនោះគឺពាក់កណ្តាលឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍បានបង្កើនបំណុលដល់ចំនួន ២៨ ពាន់លានដុល្លារ។ បូករួមទាំងបំណុលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍នឹងត្រូវការច្រើនជាងការលក់គ្រឿងបន្លាស់មួយចំនួន ការបើកហាងកាហ្វេ ឬ លក់សម្ភារៈប្រើប្រាស់នៅលើយន្តហោះដើម្បីកាត់បន្ថយបំណុលរបស់ខ្លួន៕


អត្ថបទ៖ លីនី
ប្រភព៖ thethaiger


