ក្រុមហ៊ុនអាកាសចរណ៍មួយរបស់វៀតណាម ទទួលបានសិទិ្ធហោះហើរត្រង់ទៅសហរដ្ឋអាមេរិក
អាជីវកម្ម November 12, 2020 Khmernote

ក្រុមហ៊ុន Bamboo Airways បានទទួលការអនុញ្ញាតពីនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក ដើម្បីដឹកអ្នកដំណើរ និងទំនិញទៅប្រទេសនោះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុននេះត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់យន្តហោះប៊ូអ៊ីង 787-9 Dreamliner ដែលហោះហើរដោយផ្ទាល់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងដូចជា ទីក្រុង Los Angeles និង San Francisco។

ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ជាក្រុមហ៊ុនអាកាសចរណ៍ទី២ ដែលទទួលបានការអនុញ្ញាតបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។ យ៉ាងណាមិញប្រភពដដែលបានឲ្យដឹងថា Bamboo Airways គ្រោងនឹងចាប់ផ្តើមសេវាកម្មដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២១ ឬ ដើមឆ្នាំ ២០២២ ហើយនឹងស្វែងរកអាជ្ញាប័ណ្ណពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) រដ្ឋបាលសន្តិសុខដឹកជញ្ជូន និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀតនៅសហរដ្ឋអាមេរិក។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានផ្តល់ចំណាត់ថ្នាក់ទី១ ដល់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមក្រោមកម្មវិធីវាយតម្លៃសុវត្ថិភាពអាកាសចរណ៍អន្តរជាតិរបស់ខ្លួនកាលពីខែកុម្ភះដែលមានន័យថា បន្ទាប់ពីបានបំពេញតាមស្តង់ដារសុវត្ថិភាពដើម្បីប្រតិបត្តិការជើងហោះហើរទៅកាន់សហរដ្ឋអាមេរិក។ គួរឲ្យដឹងផងដែរថា បច្ចុប្បន្នមិនមានផ្លូវហោះហើរត្រង់រវាងប្រទេសទាំងពីរទេ ហើយអ្នកដំណើរត្រូវធ្វើដំណើរឆ្លងកាត់អាស៊ីបូព៌ាដោយចំណាយពេល ១៨-២១ ម៉ោង។ ការហោះហើរត្រង់នឹងធ្វើឱ្យពេលវេលាធ្វើដំណើរធ្លាក់ចុះដល់ ១៤-១៦ ម៉ោង។

ជាមួយគ្នានេះជនជាតិអាមេរិកស្ថិតក្នុងចំណោមភ្ញៀវទេសចរបរទេសច្រើនបំផុតមកប្រទេសវៀតណាម ដោយមានចំនួនអ្នកទេសចរ ៦៨៧,២២៦ នាក់កាលពីឆ្នាំមុន ខណៈដែលជនជាតិវៀតណាមជាង ២.១ លាននាក់នៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងក្លាយជាប្រភពតំរូវការធ្វើដំណើរថេរ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress