ក្រុមហ៊ុនផលិតផលិតផលថែរក្សាសម្រស់លំដាប់កំពូលរបស់ជប៉ុន ប្រឈមនឹងការខាតបង់ប្រាក់ ២៨៥ លានដុល្លារ​ដោយសារកូវីដ
អាជីវកម្ម November 12, 2020 Khmernote

ក្រុមហ៊ុនផលិតផលិតផលថែរក្សាសម្រស់លំដាប់កំពូលរបស់ជប៉ុន Shiseido កំពុងព្យាករណ៍ពីការខាតបង់សុទ្ធប្រមាណ ២៨៥ លានដុល្លារសម្រាប់ឆ្នាំ២០២០ នៅពេលមនុស្សម្នាស្នាក់នៅផ្ទះ ក្នុងពេលមានជំងឺរាតត្បាត Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ​នេះ។

ក្រុមហ៊ុន Shiseido បាននិយាយថា ការលក់ជាក្រុមបានធ្លាក់ចុះ ២២.៨% គិតជាប្រាក់យ៉េន ស្មើនឹង ៦.២ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ២០២០នេះ ដោយរាប់ចាប់ពីខែមករាដល់ខែកញ្ញា។ មូលហេតុដែលបណ្ដាលឲ្យមានការខាតបង់ច្រើននេះ ក្រុមហ៊ុនបានឲ្យដឹងថា ដោយសារប្រជាជនបានប្រើគ្រឿងសំអាងតិចជាងមុន នៅពេលពួកគេចំណាយពេលច្រើននៅផ្ទះ។

ទន្ទឹមនឹងនេះការបិទហាងជាបណ្តោះអាសន្ន និងការធ្លាក់ចុះភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសជប៉ុនក៏បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មផងដែរ។ ទោះបីជាយ៉ាងណាក្ដីក្រុមហ៊ុនសង្ឃឹមថា នឹងបង្កើនការលក់ឌីជីថល ប្រសិនបើវាជំរុញឱ្យមានដំណើរការឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk