ក្រុមហ៊ុន Alibaba របស់ប្រទេសចិនបាននិយាយថា ការបញ្ជាទិញនៅលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់ខ្លួន ក្នុងអំឡុងថ្ងៃ « Singles’ Day » បានកើនឡើងលើស ៥៦ ពាន់ដុល្លារគិតត្រឹមថ្ងៃពុធនេះ (១១ វិច្ឆិកា) ដោយសារអតិថិជនដែលកំពុងជាប់គាំងដោយសារវីរុស Covid-19 បានបញ្ជាទិញទំនិញបញ្ចុះតម្លៃរហូតដល់ ១៦ លានទំនិញ។ ចំណូលនេះ គឺជាទំហំដែលបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវីរុសរាតត្បាតរបស់ប្រទេសចិន។
លោក Liu Bo អនុប្រធានក្រុមហ៊ុនបានប្រាប់អ្នកយកព័ត៌មានថា « ដោយសារតែវីរុស Covid-19 ប្រជាជនចិនជាច្រើនមិនអាចទៅបរទេសបានទេ ហើយកត្តានេះពិតជាជំរុញការប្រើប្រាស់នៅបណ្ដាញអ៊ីនធឺណេត »។ Alibaba បានចាប់ផ្តើមលក់ម៉ាកល្បីជាងមុនកាលពីឆ្នាំនេះ ដោយក្រុមហ៊ុនបានកំណត់ថ្ងៃបញ្ចុះតម្លៃបឋមសម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ក៏ដូចជាថ្ងៃទី១១ ខែវិច្ឆិកា ហើយនឹងគណនាបរិមាណទំនិញសរុប (GMV) ក្នុងរយៈពេល ១១ ថ្ងៃ។

បើតាមការឲ្យដឹងរបស់ក្រុមហ៊ុន គិតត្រឹមម៉ោង ១២ និង៣០ នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា គណនាបរិមាណទំនិញសរុប (GMV) បានកើនលើស ៣៧២.៣ ពាន់លានយ័ន (៥៦.៣ ពាន់លានដុល្លារ) ជាមួយនឹងការបញ្ជាទិញខ្ពស់បំផុតគឺ ៥៨៣,០០០ ក្នុងមួយវិនាទី។ ផលិតផលជាង ២ លានត្រូវបានដាក់លក់លើកដំបូង កើនឡើងទ្វេដងកាលពីឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដែលលក់ដាច់បំផុតនៅលើពិភពលោករួមមាន Black Friday និង Cyber Monday នៅសហរដ្ឋអាមេរិកដែលមានរយៈពេល ៤ ថ្ងៃនៅឆ្នាំនេះ។ ហើយព្រឹត្តិការណ៍ Singles’ Day នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកាលពីឆ្នាំទៅបរិមាណទំនិញសរុប (GMV) បានកត់ត្រាចំនួន ៣៨.៤ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


